អាជ្ញាធរបានអនុម័តលើគម្រោងសាងសង់ប្រព័ន្ធថ្មផ្ទុកថាមពលអគ្គិសនីធំជាងគេលើពិភពលោក នៅឯរោងចក្រផលិតអគ្គិសនីចាស់មួយ ក្នុងទីក្រុង Manchester ប្រទេសអង់គ្លេស ដើម្បីរក្សាថាមពលអគ្គិសនីសម្រាប់ការផ្គត់ផ្គង់ដល់គ្រួសារចំនួន 36,000 គ្រួ នៅក្នុងរយៈពេលមួយសប្ដាហ៍។
ក្រុមហ៊ុនថាមពល Carlton Power នឹងត្រូវការស្វែងរកទុន 963 លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង និងជ្រើសរើសអ្នកផ្គត់ផ្គង់។ រោងចក្រថ្មផ្ទុកអគ្គិសនីគឺជាវិធីដែលឆ្លើយតបនឹងតម្រូវការប្រើប្រាស់អគ្គិសនីជាបន្តបន្ទាប់ ដោយសារតែអគ្គិសនីពីប្រភពនានាដែលងាយនឹងរអាក់រអួលកាន់តែមានច្រើនឡើងៗ ក្នុងនោះមានដូចជារោងចក្រផលិតអគ្គិសនីពីកម្លាំងខ្យល់ និងកម្ដៅព្រះអាទិត្យជាដើម។
ប្រព័ន្ធថ្មផ្ទុកអគ្គិសនីអាចទាញយកអគ្គិសនីមករក្សាទុកនៅក្នុងថ្ងៃដែលសម្បូរពន្លឺព្រះអាទិត្យ ឬខ្យល់ ដោយការចំណាយទាប ហើយក្រោយមកក៏ផ្គត់ផ្គង់នៅពេលចាំបាច់។ តាមគម្រោង មូលដ្ឋាននេះនឹងផ្គត់ផ្គង់អគ្គិសនី 2,080 ម៉េហ្គាវ៉ាត់ ដែលប្រហាក់ប្រហែលនឹងរោងចក្រអគ្គិសនីខ្នាតមធ្យម នៅក្នុងមួយម៉ោង។ បច្ចុប្បន្ន គម្រោងនេះទទួលបានការអនុញ្ញាតពីអាជ្ញាធររួចហើយ។
តាមផែនការ ដំណើរការសាងសង់ប្រព័ន្ធថ្មផ្ទុកអគ្គិសនីនេះនឹងចាប់ផ្ដើមនៅត្រីមាសទីមួយរបស់ឆ្នាំក្រោយ។ ប្រព័ន្ធនេះក៏នឹងដំណើរការពាណិជ្ជកម្មចាប់ពីត្រីមាសទីបួនឆ្នាំ 2025។
បច្ចុប្បន្ន ប្រទេសអង់គ្លេសចង់អភិវឌ្ឍបណ្ដាញផលិតអគ្គិសនីពីកម្លាំងខ្យល់លើសមុទ្រដែលមានថាមពល 50 ជីហ្គាវ៉ាត់នៅឆ្នាំ 2030។ ក៏ប៉ុន្តែ ពួកគេត្រូវការបច្ចេកវិទ្យាដែលមានស្ថិរភាព ដើម្បីរក្សាទុកអគ្គិសនីសម្រាប់ផ្គត់ផ្គង់ក្នុងពេលមិនមានខ្យល់។ ដូច្នេះ គម្រោងខាងលើពិតជាសមស្រប និងអាចឆ្លើយតបតាមតម្រូវការ៕