ក្រុមតារាវិទូបានរកឃើញផ្កាយចម្លែកមួយដួងដែលមានមុខពីរផ្សេងគ្នា ក្នុងនោះ មុខម្ខាងៗសុទ្ធតែបង្កើតឡើងពីធាតុផ្សំខុសដាច់ពីគ្នា។
កូនផ្កាយក្រិនពណ៌សគឺជាសំណល់របស់ផ្កាយដូចព្រះអាទិត្យ បន្ទាប់ពីបាត់បង់ស្រទាប់ខាងក្រៅ បន្សល់ទុកតែស្នូលខាប់រឹង។ បរិយាកាសរបស់ពួកវាតែងរួមមានឧស្ម័នអ៊ីដ្រូសែន ឬអេល្យូម ជាឧស្ម័នចម្បងដែលមានបរិមាណច្រើនជាងគេប្រហែល 1,000 ដង ធៀបនឹងសមាសធាតុដទៃ។ ប៉ុន្តែ នៅក្នុងលទ្ធផលនៃការសិក្សាស្រាវជ្រាវដែលបានចុះផ្សាយកាលពីថ្ងៃទី 19 កក្កដា ឆ្នាំ 2023 លើទស្សនាវដ្ដី Nature ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញកូនផ្កាយក្រិនពណ៌សមួយដួងដែលមិនសមស្របនឹងការបរិយាយខាងលើ ហើយវាគឺជាផ្កាយចម្លែក និងមិនទាន់ត្រូវបានយល់ច្បាស់។
ផ្កាយចម្លែកនេះ មានមុខពីរ ក្នុងនោះ មុខម្ខាងផ្ទុកពេញដោយអ៊ីដ្រូសែន ខណៈមុខម្ខាងទៀតផ្ទុកអេល្យូម។ នេះគឺជាការរកឃើញថ្មីបំផុតស្ដីពីផ្កាយដែលបែងចែកសមាសធាតុផ្សេងដាច់ដោយឡែកពីគ្នាយ៉ាងច្បាស់ដូច្នេះ។
ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះឱ្យផ្កាយមុខពីរនេះថា Janus។ Janus ត្រូវបានរកឃើញដោយស្ថានីយតារាសាស្ត្រ Zwicky Transient Facility (ZTF)។
សហគមន៍អ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់អំពីមូលហេតុដែលនាំឱ្យ Janus បែងចែកសារធាតុដាច់ដោយឡែកពីគ្នាទាំងស្រុកបែបនេះនៅឡើយ។ ប៉ុន្តែ ពួកគេគិតថា ប្រហែលមកពីដែនទំនាញដ៏ខ្លាំងក្លារបស់ផ្កាយនេះ។ បើសិនដែនទំនាញនៅចំហៀងម្ខាងនេះរបស់វា ខ្លាំងជាងចំហៀងម្ខាងទៀត នោះអ៊ីដ្រូសែន និងអេល្យូមនឹងត្រូវបានរារាំងមិនឱ្យស្ថិតនៅលាយឡំគ្នា នាំឱ្យផ្នែកម្ខាងនេះមានអ៊ីដ្រូសែនច្រើនជាងលើសលុប ធៀបនឹងផ្នែកម្ខាងទៀត៕