អ្នកនយោបាយ និងអ្នកបើកបរយន្តហោះកូឡុំប៊ី បានស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាលមួយគ្រឿងនៅភាគកណ្ដាលប្រទេសកូឡុំប៊ី។
យន្តហោះ Cessna T210N ដឹកមនុស្ស 6 នាក់ បានធ្លាក់នៅក្នុងទីក្រុង San Luis de Gaceno នៃខេត្ត Boyaca នៅពេលកំពុងហោះពីទីក្រុង Villavicencio ទៅកាន់រដ្ឋធានី Bogota ដើម្បីចូលរួមពិធីជប់លៀង កាលពីថ្ងៃទី 19 កក្កដា ឆ្នាំ 2023។
អ្នកនយោបាយទាំងប្រាំរូបដែលបានស្លាប់ សុទ្ធតែជាសមាជិករបស់បក្សស្ដាំនិយម ឈ្មោះ មជ្ឈមណ្ឌលប្រជាធិបតេយ្យ របស់អតីតប្រធានាធិបតី Alvaro Uribe។
យោងតាមការបង្ហោះសារនៅលើ Twitter របស់បក្សនេះ អ្នកនយោបាយដែលបានស្លាប់រួមមាន អតីតសមាជិកសភាជាន់ខ្ពស់ តំណាងរាស្ត្រ បេក្ខភាពអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាក្រុង និងអ្នកបើកបរយន្តហោះ។
ស្ថាប័នគ្រប់គ្រងអាកាសចរណ៍ស៊ីវិលរបស់ប្រទេសកូឡុំប៊ី កំពុងធ្វើការស៊ើបអង្កេតរកមូលហេតុនៃគ្រោះថ្នាក់នេះ។
យោងតាមប្រកាសរបស់នាយកដ្ឋានបច្ចេកទេសស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ស៊ីវិល ក្នុងឆ្នាំ 2022 កូឡុំប៊ីធ្លាប់កើតមានហេតុការណ៍គ្រោះថ្នាក់អាកាសចរណ៍ 17 ករណី បណ្ដាលឱ្យមនុស្ស 14 នាក់បាត់បង់ជីវិត។