កប៉ាល់ទេសចរណ៍ខ្នាតយក្ស ប្រវែង 323.6 ម៉ែត្រ ដែលត្រូវបានប្រដូចទៅនឹងទីក្រុងអណ្ដែតចល័ត បានចាប់ផ្ដើមធ្វើដំណើរជើងដំបូងនៅលើសមុទ្រ ដែលនឹងចំណាយពេល 9 ថ្ងៃ។
កប៉ាល់ទេសចរណ៍ខ្នាតយក្សដំបូងដែលផលិតដោយវិស្វករក្នុងស្រុករបស់ប្រទេសចិន បានចាកចេញពីកំពង់ផែនៅសៀងហៃកាលពីថ្ងៃទី 17 កក្កដា ដើម្បីចាប់ផ្ដើមដំណើរការសាកល្បង។ កប៉ាល់ដែលមានឈ្មោះថា Adora Magic City (H1508) នេះ នឹងបរលើផ្ទៃសមុទ្រចំនួន 9 ថ្ងៃ។ នេះបើតាមទំព័រ CGTN ដកស្រង់ព័ត៌មានពីក្រុមហ៊ុនផលិតកប៉ាល់សៀងហៃ Waigaoqiao។
ដោយមានបណ្ដោយ 323.6 ម៉ែត្រ ទទឹង 37.2 ម៉ែត្រ និងទម្ងន់ 135,500 តោន កប៉ាល់ Adora Magic City អាចដាក់មនុស្សបានជាង 6,500 នាក់ នៅក្នុងកាប៊ីនចំនួន 2,826។ កប៉ាល់នេះត្រូវបានគេប្រដូចទៅនឹងទីក្រុងអណ្ដែតលើសមុទ្រ ព្រោះតែមានកន្លែងកម្សាន្តជាច្រើន។ Adora Magic City មានសាលមហោចស្រព ភោជនីយដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សួនទឹក និងច្រករបៀងសិល្បៈ។ល។
ជោគជ័យក្នុងការសាងសង់កប៉ាល់ Adora Magic City នេះ បានជួយឱ្យចិនក្លាយជាប្រទេសទីប្រាំលើពិភពលោក ដែលមានសមត្ថភាពស្ថាបនាកប៉ាល់ទេសចរណ៍ខ្នាតយក្ស បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បារាំង អ៊ីតាលី និងហ្វាំងឡង់៕