(សហរដ្ឋអាម៉េរិក) – ពីឡុតយន្តហោះខ្នាតតូចមួយរូប ជួបបញ្ហាសុខភាពភ្លាមៗនៅពេលកំពុងហោះហើរ តែសំណាងល្អដែលបានស្ត្រីជាអ្នកដំណើរជួយបញ្ជាយន្តហោះទៅចុះចតលើកោះនៅ Massachusetts។
បុរសពីឡុតអាយុ 79 ឆ្នាំម្នាក់ កាលពីថ្ងៃទី 15 កក្កដា បើកបរយន្តហោះធុនស្រាល Piper Meridian ស៊េរីឆ្នាំ 2006 ចេញដំណើរពី Westchester រដ្ឋ New York។ ពីឡុតរូបនេះជួបបញ្ហាសុខភាពភ្លាមៗនៅពេលកំពុងបើកបរយន្តហោះចុះចតក្បែរព្រលានយន្តហោះ Martha’s Vineyard នៅទីរួមស្រុក West Tisbury លើកោះ Martha’s Vineyard រដ្ឋ Massachusetts។
នៅចំពោះមុខស្ថានការណ៍គ្រោះថ្នាក់ អ្នកដំណើរតែម្នាក់នៅលើយន្តហោះនេះក៏បានចូលជួយ។ មិនដឹងថា ស្ត្រីអ្នកដំណើរនេះមានបទពិសោធន៍បើកបរយន្តហោះ ឬអត់ ប៉ុន្តែប៉ូលិសនិយាយថា យន្តហោះបានចុះចតលើវាលស្មៅខាងក្រៅផ្លូវរត់របស់យន្តហោះ ធ្វើឱ្យស្លាប់របស់វាត្រូវបាក់ជាពីរ ព្រោះតែបុកទង្គិចនឹងដី។
យោងតាមសមត្ថកិច្ច អ្នកបើកបរយន្តហោះ និងអ្នកដំណើរគឺជាពលរដ្ឋក្នុងរដ្ឋ Connecticut។ សមត្ថកិច្ចមិនបានបង្ហើបឱ្យដឹងអំពីអត្តសញ្ញាណរបស់អ្នកទាំងពីរ ប៉ុន្តែថា ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ហើយករណីនេះកំពុងត្រូវបានប៉ូលិសធ្វើការស៊ើបអង្កេត៕