ប្រជាជនថៃជាច្រើនបានប្រមូលផ្ដុំគ្នានៅរាជធានីបាងកក ដើម្បីសម្ដែងការមិនសុខចិត្តនៅពេលលោក Pita ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីបក្ស Move Forward មិនទាន់ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី។
សភាថៃកាលពីថ្ងៃទី 13 កក្កដា បានបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីដែលមានបេក្ខភាពតែមួយរូបគត់ គឺលោក Pita Limjaroenrat មេដឹកនាំបក្ស Move Forward។ ក៏ប៉ុន្តែ លោក Pita មិនទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ដើម្បីក្លាយជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសថៃ ដោយសារតែសមាជិកសភាជាន់ខ្ពស់ ដែលភាគច្រើនគឺជាមនុស្សរបស់កងទ័ព មិនបោះឆ្នោតជូនលោក។
អ្នកគាំទ្រលោក Pita និងបក្ស Move Forward បានប្រមូលផ្ដុំគ្នានៅខាងក្រៅវិមានសភាក្នុងរាជធានីបាងកក ដើម្បីរង់ចាំតាមដានការបោះឆ្នោត។ ក្រោយពីលទ្ធផលត្រូវបានប្រកាស ពួកគេសម្ដែងការមិនសុខចិត្ត។
ពលរដ្ឋថៃបានបោះឆ្នោតជាតិកាលពីខែឧសភាដើម្បីជ្រើសរើសតំណាងរាស្ត្រ 500 នាក់នៅសភាជាន់ទាប។ សមាជិកសភាជាន់ទាប រួមនឹងសមាជិកសភាជាន់ខ្ពស់ 250 រួបដែលត្រូវបានតែងតាំង គឺជាអ្នកបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីដោយផ្ទាល់។
អ្នកគាំទ្រក្រុមប្រជាធិបតេយ្យថៃ បានអំពាវនាវឱ្យប្រជាជនចេញធ្វើបាតុកម្ម បង្កឱ្យមានការបារម្ភខ្លាំង ពិសេសនៅពេលបេក្ខភាពមកពីបក្ស Move Forward ទទួលបរាជ័យ។ បញ្ហានេះ បាននាំឱ្យសមត្ថកិច្ចបន្ថែមការរឹតបន្តឹងសន្តិសុខ។
ប្រធានសភាថៃ Wan Muhamad Noor Matha ឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជុំទីពីរ និងទីបី នឹងត្រូវធ្វើឡើងនៅថ្ងៃទី 19 និង 20 កក្កដាខាងមុខ។ លោក Pita អាយុ 42 ឆ្នាំ អាចបន្តឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រី បើសិនលោកនៅតែត្រូវបានសម្ព័ន្ធភាព 8 បក្ស ជ្រើសតាំងជាបេក្ខភាព៕