អ្នកដំណើរម្នាក់ និងអ្នកបម្រើលើយន្តហោះម្នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ Air China ត្រូវប៉ើងឡើងដល់ពិតានយន្តហោះ នៅពេលយន្តហោះនេះកំពុងឆ្លងកាត់តំបន់ខ្យល់កន្ត្រាក់លើអាកាស។
ជើងហោះហើរ CA1524 របស់ក្រុមហ៊ុន Air China ហោះឆ្លងកាត់តំបន់ខ្យល់កន្ត្រាក់ ពេលកំពុងធ្វើដំណើរពីសៀងហៃទៅកាន់ប៉េកាំង កាលពីថ្ងៃទី 10 កក្កដា 2023។ អ្នកដំណើរម្នាក់និយាយថា នៅមុនហេតុការណ៍រលាក់យន្តហោះលើកដំបូង ភ្ញៀវមួយចំនួនបានក្រោកឡើងទៅបន្ទប់ទឹក។
«នៅពេលប្រធានក្រុមហោះហើរប្រកាសឱ្យអ្នកដំណើរដាក់ខ្សែក្រវាត់សុវត្ថិភាព ទើបពួកគេត្រលប់មកកន្លែងអង្គុយ។ ក្រោយរយៈពេលជាង 10 វិនាទី យន្តហោះក៏ស្រាប់តែរលាក់មួយប្រាវ» អ្នកដំណើរម្នាក់រៀបរាប់កាលពីថ្ងៃទី 11 កក្កដា។
ប្រហែលជាង 10 វិនាទីក្រោយ ហេតុការណ៍ដូចខាងលើក៏បានកើតឡើងជាថ្មី និងខ្លាំងជាងមុន។ គ្រប់គ្នាស្រែកឡើង។ របស់របរត្រូវធ្លាក់ទៅលើបាតយន្តហោះ។ អ្នកខ្លះក៏ធ្លាក់ទាំងទូរស័ព្ទ។
ស្ត្រីម្នាក់អាយុប្រហែល 40 ឆ្នាំ បានប៉ើងដល់ពិតាន ធ្វើឱ្យរបួសត្រង់ក្បាល និងជើង។ អ្នកបម្រើលើយន្តហោះម្នាក់ដែលការពារភ្ញៀវ ក៏ត្រូវប៉ើងទៅលើ បង្កឱ្យមានរបួសផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានបញ្ជាក់ថា យន្តហោះបានជួបប្រទះនឹងបាតុភូតខ្យល់កន្ត្រាក់ ហើយថា ក្រុមហោះហើរបានដោះស្រាយបញ្ហាទៅតាមគោលការណ៍សុវត្ថិភាព៕