រ៉ុក្កែត Zhuque-2 របស់ក្រុមហ៊ុនចិន Landspace បានហោះឡើងពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅសមុទ្រខ្សាច់ Gobi កាលពីព្រឹកថ្ងៃទី 12 កក្កដា 2023។
អង្គភាពអវកាសអាម៉េរិកបានបញ្ជាក់អំពីសេចក្ដីប្រកាសរបស់ចិន ស្ដីពីការបាញ់បង្ហោះរ៉ុក្កែតឥន្ធនៈមេតាន Zhuque-2 ឡើងដល់គន្លងគោចរ។ នេះគឺជាជោគជ័យរបស់ Zhuque-2 ដោយសារកាលពីថ្ងៃទី 14 ធ្នូ 2022 រ៉ុក្កែតនេះបានទទួលបរាជ័យ និងធ្វើឱ្យបាត់បង់ផ្កាយរណប 14 គ្រឿង។
មេតានត្រូវបានគេសរសើរថាជាឥន្ធនៈដែលបំភាយឧស្ម័នពុលកម្រិតទាប បើធៀបនឹងឥន្ធនៈដែលរ៉ុក្កែតផ្សេងៗកំពុងប្រើប្រាស់។
ក្រុមហ៊ុនអាម៉េរិកជាច្រើនក៏កំពុងតែអភិវឌ្ឍរ៉ុក្កែតមេតាន ក្នុងនោះក៏មាន SpaceX, Blue Origin, Rocket Lab, United Launch និង Relativity Space ជាដើម។
ប្រទេសចិន និងក្រុមហ៊ុនអវកាសឯកជនរបស់ប្រទេសនេះ កំពុងទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការបាញ់បង្ហោះនានា និងបានបំពេញបេសកកម្មឡើងទៅកាន់គន្លងគោចរចំនួន 54 លើក នៅក្នុងឆ្នាំ 2022 ហើយឆ្នាំនេះ ពួកគេគ្រោងនឹងសម្រេចឱ្យបានជាង 60 លើក។
ដោយឡែក ក្រុមហ៊ុនអាម៉េរិក SpaceX គឺជាទីភ្នាក់ងារអវកាសដែលមមាញឹកនឹងការងារជាងគេរបស់សហរដ្ឋអាម៉េរិក ដោយបានបាញ់បង្ហោះរ៉ុក្កែតទៅកាន់អវកាសចំនួន 61 លើក កាលពីឆ្នាំ 2022៕