(សហរដ្ឋអាម៉េរិក) – អគារ Sphere នៅ Las Vegas គឺជាសំណង់ដែលមានរាងមូលធំជាងគេលើពិភពលោក និងគ្របដណ្ដប់ដោយអំពូលភ្លើង LED នៅខាងក្រៅ ហើយគ្រោងនឹងបើកទ្វារចាប់ពីខែកញ្ញាខាងមុខ។
អគារ Sphere មានកម្ពស់ 111 ម៉ែត្រ និងទទឹង 157 ម៉ែត្រ។ ការចំណាយលើការសាងសង់អគារនេះគឺប្រមាណ 2.3 ពាន់លានដុល្លារ។ អំពូលភ្លើង LED នៅខាងក្រៅគ្របដណ្ដប់លើផ្ទៃក្រឡាប្រហែល 54,000 ម៉ែត្រការ៉េ។ អគារនេះប្រើប្រាស់អំពូលភ្លើង LED សរុប 1.2 លានឈុត ក្នុងមួយឈុតៗមាន 48 អំពូល។ ផ្នែកខាងក្រៅរបស់អគារ Sphere អាចរចនាឡើងវិញបានទាំងស្រុងតាមរយៈកម្មវិធីកុំព្យូទ័រ ដើម្បីបង្ហាញទិដ្ឋភាពដែលគេចង់បាន។ នេះបើតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 05 កក្កដា 2023។
Sphere អាចដាក់កៅអីបាន 17,000 ឬកន្លែងឈរបាន 20,000 នាក់ ដែលអាចប្រារព្ធកម្មវិធីធំៗដូចជា ពិធិប្រគំតន្ត្រី ឬប្រដាល់។ល។ ខណៈផ្នែកខាងក្នុងមិនទាន់ត្រូវបានបង្ហើបឱ្យដឹង លើកលែងតែអេក្រង់ទូរទស្សន៍ខ្នាតយក្ស។
កៅអីទាំងអស់នឹងត្រូវបានបំពាក់បច្ចេកវិទ្យា 4D រួមមាន ប្រព័ន្ធដែលអនុញ្ញាតឱ្យអ្នកអង្គុយទទួលអារម្មណ៍ដឹងពីជំនោរខ្យល់ ការប្ដូរផ្លាស់កម្ដៅ និងក្លិនក្រអូបជាដើម ក៏ដូចជាប្រព័ន្ធកាមេរ៉ាពិសេសអាចថតរូបក្នុងល្បឿន 120 រូប/វិនាទី។
«ដោយស្ថិតក្នុងកម្មវិធីសម្ដែងពិសេសដើម្បីអបអរថ្ងៃបុណ្យឯករាជ្យជាតិ គ្រឿងលំអខាងក្រៅដែលធ្វើពីអំពូលភ្លើង LED របស់ Sphere ដែលជាអេក្រង់ LED ធំជាងគេលើពិភពលោក នឹងត្រូវបានបើកទាំងស្រុងជាលើកដំបូង» នេះបើតាមក្រុមហ៊ុន Sphere។
Sphere ត្រូវបានរចនាឡើងដោយ Populous ដែលជាក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិ នៅពីក្រោយសំណង់កីឡាលំដាប់កំពូលជាច្រើនរបស់ពិភពលោក។ បច្ចុប្បន្ន ការងារសាងសង់របស់អគារនេះសម្រេចបានទាំងស្រុង ហើយគ្រោងនឹងបើកទ្វារនៅខែកញ្ញាខាងមុខ ដែលចាប់ផ្ដើមដោយការប្រគំតន្ត្រីជាបន្តបន្ទាប់។ Populous ក៏មានគម្រោងសាងសង់អគារប្រហាក់ប្រហែលនឹង Sphere មួយផ្សេងទៀតនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស៕