អាចម៍ផ្កាយ 2019 LH5 ដែលមានអង្កត់ផ្ចិតប្រហែលជាង 400 ម៉ែត្រ នឹងហោះមកក្បែរផែនដីក្នុងគម្លាត 5.6 លានគីឡូម៉ែត្រ នៅវេលាម៉ោង 11 ថ្ងៃទី 07 កក្កដាខាងមុខ។
មិត្តអ្នកអានទាំងឡាយដែលចាប់អារម្មណ៍ អាចតាមដានដំណើរហោះមកក្បែរផែនដីរបស់អាចម៍ផ្កាយខាងលើ តាមរយៈគម្រោងតេឡេស្កុបនិម្មិត (VTP) ដែលនឹងផ្សាយផ្ទាល់ព្រឹត្តិការណ៍នេះ។
តារាវិទូ Gianluca Masi នៅ VTP ថតបានអាចម៍ផ្កាយ 2019 LH5 ដោយតេឡេស្កុបនៅ Manciano ប្រទេសអ៊ីតាលី កាលពីថ្ងៃទី 04 កក្កដា ពេលវត្ថុអវកាសនេះស្ថិតនៅក្នុងរយៈចម្ងាយពីផែនដីប្រហែល 7.2 លានគីឡូម៉ែត្រ។
2019 LH5 ត្រូវបានរកឃើញកាលពីឆ្នាំ 2019។ អង្គការណាសាឱ្យដឹងថា 2019 LH5 មានទំហំធំជាងកីឡដ្ឋានមួយដោយមានអង្កត់ផ្ចិតប្រហែលពី 210 ទៅ 470 ម៉ែត្រ។
នៅពេលហោះមកក្បែរផែនដី 2019 LH5 នឹងផ្លាស់ទីក្នុងល្បឿនប្រហែល 77,900 គីឡូម៉ែត្រ/ម៉ោង ធៀបនឹងផែនដី។ យោងតាម CNEOS ល្បឿននេះគឺលឿនជាងប្រហែល 20 ដង ធៀបនឹងគ្រាប់កាំភ្លើងប្រភេទដូច AK។
អាចម៍ផ្កាយ 2019 LH5 ត្រូវការពេលប្រហែលពីរឆ្នាំ ទើបគោចរបានមួយជុំព្រះអាទិត្យ។ អ្នកវិទ្យាសាស្ត្របានគណនាឃើញថា អាចម៍ផ្កាយនេះនឹងមិនអាចហោះមកបុកជាមួយផែនដី យ៉ាងតិចនៅក្នុងការហោះមកក្បែរចំនួន 11 លើកនាពេលខាងមុខ រហូតដល់ឆ្នាំ 2192។