ជាលើកដំបូងហើយដែលក្រុមអ្នកវិទ្យាសាស្ត្រប្រើប្រាស់វត្ថុអវកាសខ្វាសា (quasar) ធ្វើជា «នាឡិកា» សម្រាប់វាស់សភាពរីកមាឌនៃពេលវេលាក្នុងចក្រវាល និងបានបញ្ជាក់ថា Eistein ពិតជាបានគិតត្រូវ។
យោងតាម AFP ចុះផ្សាយកាលពីថ្ងៃទី 03 កក្កដា ក្រុមអ្នកវិទ្យាសាស្ត្រឱ្យដឹងថា ពេលវេលាក្នុងចក្រវាលសម័យដំបូងហាក់ដើរយឺតជាងប្រាំដង ធៀបនឹងបច្ចុប្បន្ន។ នេះគឺជាលើកដំបូងដែលពួកគេប្រើប្រាស់ខ្វាសា (quasar) ដែលជាបាតុភូតកញ្ជ្រោលនៃពន្លឺ និងឧស្ម័ននៅចំកណ្ដាលកាឡាក់ស៊ី ធ្វើជា «នាឡិកា» សម្រាប់វាស់ល្បឿនរបស់ពេលវេលា។
ទ្រឹស្ដីទំនាក់ទំនង (Relativity) របស់លោក Einstein បានព្យាករថា ដោយសារតែចក្រវាលកំពុងរីកមាឌ ទើបមនុស្សនឹងមើលឃើញចក្រវាលដ៏សែនឆ្ងាយ ផ្លាស់ទីក្នុងល្បឿនយឺត។
ចក្រវាលត្រូវបានចាត់ទុកថា មានអាយុប្រហែល 13.8 ពាន់លានឆ្នាំ។ ក្រុមអ្នកវិទ្យាសាស្ត្រ កន្លងមកបានប្រើប្រាស់បាតុភូតផ្ទុះផ្កាយ ធ្វើជា «នាឡិកាចក្រវាល» ដើម្បីបញ្ជាក់ថា ពេលវេលាកាលពីមានអាយុស្មើនឹងពាក់កណ្ដាលបច្ចុប្បន្ន ដើរយឺតជាងទ្វេដង។
លទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីបំផុតបង្ហាញថា ជាងមួយពាក់លានឆ្នាំក្រោយហេតុការណ៍ផ្ទុះ Big Bang (ព្រឹត្តិការណ៍ផ្ទុះកកើតចក្រវាល) ពេលវេលាហាក់ដើរទៅមុខក្នុងល្បឿនស្មើនឹង 1/5 ដង នៃពេលវេលាបច្ចុប្បន្ន។ បាតុភូតនេះត្រូវបានហៅថា ការរីកមាឌរបស់ពេលវេលានៃចក្រវាល៕