ក្រសួងការពារជាតិអ៊ីស្រាអែល ប្រកាសថា ប្រទេសនេះនឹងទិញយន្តហោះចម្បាំង F-35 របស់សហរដ្ឋអាម៉េរិកចំនួន 25 គ្រឿងថែមទៀត ទៅតាមកិច្ចព្រមព្រៀងតម្លៃ 3 ពាន់លានដុល្លារ។
«កិច្ចព្រមព្រៀងនឹងរួមចំណែកក្នុងការរក្សាទំនាក់ទំនងរវាងបណ្ដាក្រុមហ៊ុនអាម៉េរិក និងវិស័យឧស្សាហកម្មការពារជាតិរបស់អ៊ីស្រាអែល» ក្រសួងការពារជាតិអ៊ីស្រាអែលប្រកាសកាលពីថ្ងៃទី 02 កក្កដា រម្លឹកដល់ការទិញយន្តហោះចម្បាំង F-35 ចំនួន 25 គ្រឿងបន្ថែមពីសហរដ្ឋអាម៉េរិកក្នុងតម្លៃ 3 ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុវត្តពេញលេញក្នុងរយៈពេលប៉ុន្មានខែខាងមុខ។
យោងតាមក្រសួងការពារជាតិអ៊ីស្រាអែល ការទិញដូរអាវុធនេះទទួលបានការឧបត្ថម្ភតាមរយៈកញ្ចប់ជំនួយផ្នែកការពារជាតិដែលប្រទេសនេះទទួលពីសហរដ្ឋអាម៉េរិក។ ក្រុមហ៊ុន Lockheed Martin និង Pratt & Whitney របស់សហរដ្ឋអាម៉េរិក បានយល់ព្រមឱ្យបណ្ដាក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល ចូលរួមក្នុងដំណើរការផលិតគ្រឿងបន្លាស់យន្តហោះ។
កិច្ចព្រមព្រៀងនេះនឹងជួយបង្កើនចំនួនយន្តហោះចម្បាំង F-35 របស់ប្រទេសអ៊ីស្រាអែល ពី 50 ឡើងដល់ 75 គ្រឿង។
អ៊ីស្រាអែលគឺជាប្រទេសដំបូងគេក្រៅពីសហរដ្ឋអាម៉េរិក ដែលមានយន្តហោះចម្បាំង F-35។ ប្រទេសនេះទទួលបាន F-35 ដំបូងកាលពីឆ្នាំ 2016 និងបានប្រើប្រាស់ក្នុងការប្រយុទ្ធកាលពីឆ្នាំ 2018៕