ប្ដី​ប្រពន្ធ​មួយគូ​សម្លាប់​កូនរបស់​ខ្លួន​ដែល​ទើប​ចាប់​កំណើត​

ស្ត្រីម្នាក់អាយុជាង 30 ឆ្នាំ ត្រូវបានសមត្ថកិច្ចចោទប្រកាន់ពីបទសម្លាប់កូនទើបកើតពីរនាក់របស់ខ្លួននៅក្នុងឆ្នាំ 2018, 2019 ហើយលាក់សាកសពកូនក្នុងទូទឹកកកក្នុងផ្ទះ ព្រោះតែបញ្ហាសេដ្ឋកិច្ចគ្រួសារ។

ប្ដី​ប្រពន្ធ​មួយគូ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​ចាប់ខ្លួន​ក្រោម​បទ​ចោទថា បានសម្លាប់ និង​លាក់​សាកសព​កូន​ទើប​កើត​របស់ខ្លួន​នៅ​ទីក្រុង Geoje ភាគខាងត្បូង​ប្រទេស។

ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ និង​គូស្នេហ៍​អាយុ​ជាង 20 ឆ្នាំ កាលពី​ថ្ងៃទី 02 កក្កដា 2023 ត្រូវបាន​ចោទថា បាន​ច្របាច់​កកូន​អាយុ 5 ថ្ងៃ​របស់ខ្លួន​រហូតដល់​ស្លាប់ និង​កប់​សាកសព​ទារក​នេះ​នៅ​ខាងក្រោយ​ភ្នំ​នៅ Geoje ខេត្ត Gyeongnam កាលពី​ខែកញ្ញា​ឆ្នាំ​កន្លង។

ជន​ទាំងពីរ​នាក់​ខាងលើ ដំបូង​ឡើយ​បាន​សារភាពថា ពួកគេ​បានឃើញ​កូន​របស់ខ្លួន​ស្លាប់​កាលពី​ព្រឹក​ថ្ងៃទី 09 កញ្ញា 2022 ទើបយក​សាកសព​កូន​នៅ​កប់​នៅលើ​កំពូលភ្នំ​មួយ។ ពួកគេ ក្រោយមក​ក៏បាន​ទទួលស្គាល់ថា កំពុង​ជួប​បញ្ហា​ប្រាក់កាស និង​ខ្លាច​ត្រូវ​បែកផ្លូវ​គ្នា បើសិន​ឪពុកម្ដាយ​ទាំងសងខាង​ដឹងថា​មានកូន។

សមត្ថកិច្ច​កំពុង​ស្វែង​រក​សាកសព​ទារក​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​សម្លាប់​ និង​កប់​លើ​ភ្នំ​

ប៉ូលិស​និយាយថា បុរស​ជា​ឪពុក​បាន​ច្របាច់​កកូន​ខ្លួនឯង​រហូតដល់​ស្លាប់ ខណៈ​ស្ត្រី​ជា​ម្ដាយ​ក៏​នៅ​កន្លែងកើតហេតុ។ សមត្ថកិច្ច​កូរ៉េខាងត្បូង​កំពុង​ស្វែងរក​សាកសព​ទារក​ខាងលើ។

នៅ​កូរ៉េខាងត្បូង កាលពី​ចុងខែ​កន្លង ក៏មាន​ស្ត្រី​ម្នាក់​អាយុ​ជាង 30 ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​សម្លាប់​កូន​ទើប​កើត​ពីរ​នាក់​របស់ខ្លួន​នៅក្នុង​ឆ្នាំ 2018, 2019 ហើយ​លាក់​សាកសព​កូន​ក្នុង​ទូទឹកកក​ក្នុងផ្ទះ ព្រោះតែ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ។ កាលពី​ចុង​សប្ដាហ៍​កន្លង ស្ត្រី​វ័យ​ជាង 20 ឆ្នាំ​មួយរូប នៅ​កូរ៉េខាងត្បូង ក៏បាន​រង​ការ​ចោទ​ពីបទ​បង្អត់អាហារ​ទារក​ទើប​កើត​រហូតដល់​ស្លាប់​នៅ Daejeon កាលពី​ខែមេសា 2019។

យោងតាម Yonhap កូរ៉េខាងត្បូង​កំពុងតែ​បើក​ការស៊ើបអង្កេត​ដើម្បី​វាយតម្លៃ​អំពី​ស្ថានភាព​សុខភាព​របស់​ក្មេង​តូច​ជាង 2,000 នាក់​ដែល​កើត​ចាប់​ពី​ឆ្នាំ 2015 និង​ពុំ​មាន​​លិខិតស្នាម​ស្របច្បាប់៕

Advertisement