អភិបាលក្រុងនៅទីរួមស្រុក San Pedro Huamelula ថើបសត្វក្រពើនៅក្នុងពិធីប្រពៃណីមួយដើម្បីសួងបួងសូមសេចក្ដីសុខ របស់ប្រជាជនក្នុងតំបន់។
លោក Victor Hugo Sosa អភិបាលទីរួមស្រុក San Pedro Huamelula ដែលមានទីតាំងនៅក្បែរឆ្នេរសមុទ្រប៉ាស៊ីហ្វិក ក្នុងរដ្ឋ Oaxaca កាលពីថ្ងៃទី 30 មិថុនា 2023 បានរៀបចំពិធីរៀបការជាមួយកូនក្រមុំជាសត្វក្រពើ។
លោក Sosa បានថើបសត្វក្រពើតូចមួយក្បាលដែលកំពុងត្រូវចងមាត់។ ពិធីដែលមានតាំងពីរាប់សតវត្សរ៍មកហើយនៅក្នុងសហគមន៍ជនជាតិដើម Chontal និង Huave ក្នុងរដ្ឋ Oaxaca នេះ ត្រូវបានធ្វើឡើងក្នុងបំណងបួងសួងសូមសេចក្ដីសុខ។ «យើងបួងសួងសូមឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ មានអាហារគ្រប់គ្រាន់ និងមានត្រីច្រើននៅក្នុងទន្លេ» លោក Sosa និយាយដូច្នេះ។
Oaxaca ស្ថិតនៅភាគខាងត្បូងប្រទេសម៉ិកស៊ីក ជាតំបន់ក្រីក្រ និងជាទីរស់នៅរបស់ជនជាតិដើមជាច្រើនក្រុម ដែលនៅរក្សាទំនៀមទម្លាប់បុរាណ និងភាសាផ្ទាល់ខ្លួន។ ក្នុងពិធីរៀបការខាងលើ កូនក្រមុំជាសត្វក្រពើអាយុ 7 ឆ្នាំ ស្លៀករ៉ូបពណ៌ស និងពាក់កម្រងផ្កាដ៏ស្រស់ស្អាតផងដែរ។