ក្រុមហ៊ុនទេសចរណ៍ធំមួយនៅប្រទេសចិន បញ្ចេញកញ្ចប់ជំនួយសម្រាប់ការថែទាំក្មេងតម្លៃ 138 លានដុល្លារអាម៉េរិក ដើម្បីលើកទឹកចិត្តដល់បុគ្គលិក 32,000 នាក់ ក្នុងការបង្កើតកូន។
បុគ្គលិកធ្វើការនៅ Trip.com ដែលជាក្រុមហ៊ុនទេសចរណ៍ធំជាងគេមួយរបស់ពិភពលោក នឹងទទួលបានប្រាក់ឧបត្ថម្ភ 1,376 ដុល្លារអាម៉េរិកក្នុងមួយឆ្នាំ រយៈពេលប្រាំឆ្នាំ សម្រាប់ទារកម្នាក់។ គោលការណ៍នេះមានសុពលភាពចាប់ពីថ្ងៃនេះ (01) កក្កដា 2023។
«តាមរយៈកញ្ចប់អត្ថប្រយោជន៍ស្ដីពីការថែទាំក្មេងថ្មីនេះ យើងមានបំណងគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់បុគ្គលិកឱ្យចាប់ផ្ដើម ឬពង្រីកទំហំគ្រួសារដោយមិនបង្កផលប៉ះពាល់ដល់គោលដៅ និងសមិទ្ធផលការងារ» លោក James Liang ប្រធានក្រុមហ៊ុន Trip.com កាលពីថ្ងៃទី 30 កក្កដា 2023 ឱ្យដឹងដូច្នេះ។
គោលការណ៍ខាងលើនេះអនុវត្តចំពោះបុគ្គលិកពេញសិទ្ធិដែលធ្វើការយ៉ាងតិចបីឆ្នាំ មិនកំណត់ភេទ តំណែង ឬទីតាំងធ្វើការ។ ក្រុមហ៊ុន Trip.com បច្ចុប្បន្នមានបុគ្គលិកសរុបប្រហែល 32,000 នាក់។
គោលការណ៍របស់ Trip.com ត្រូវបានធ្វើឡើងបន្ទាប់ពីទីក្រុងប៉េកាំង បានលុបចោលគោលនយោបាយកូនមួយដែលអូសបន្លាយពេលរាប់ទសវត្សរ៍ កាលពីឆ្នាំ 2015 ដោយអនុញ្ញាតឱ្យប្ដីប្រពន្ធមួយគូមានកូនពីរនាក់។ ការអនុញ្ញាតរបស់រដ្ឋាភិបាលចិន ក៏ធ្វើឡើងដើម្បីដោះស្រាយវិបត្តិដែលទាក់ទងនឹងបញ្ហាធ្លាក់ចុះនៃចំនួនប្រជាជន ដែលប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនេះ៕