ភពខ្នាតធំមួយដែលត្រូវបានដាក់ឈ្មោះថា Halla ទើបតែបានបង្ហាញខ្លួនដោយគោចរជុំវិញ Bakedu ដែលជាវត្ថុអវកាសទើបតែលេចឡើងជាផ្កាយយក្សក្រហម ហើយគួរណាស់តែបានលេបត្របាក់ភពនេះរួចហើយ។
Halla ដែលជាភពខ្នាតយក្សដូចទៅនឹងភពព្រហស្បតិ៍ ត្រូវបានរកឃើញនៅពេលក្រុមអ្នកវិទ្យាសាស្ត្រពិនិត្យមើលដំណាក់កាល Bakedu រីកមាឌ និងក្លាយជាផ្កាយខ្នាតយក្សពណ៌ក្រហម។
ផ្កាយនានានៅក្នុងចក្រវាលដែលដូចព្រះអាទិត្យរបស់មនុស្ស នៅពេលអស់ថាមពលនឹងប៉ោងឡើង រីកមាឌជាលើកចុងក្រោយ ក្លាយជាផ្កាយយក្សក្រហម ដោយធំជាងមុន 1.5 ដង។ ក្រោយមក វានឹងត្រូវដួលរលំ ក្លាយជាកូនផ្កាយពណ៌ស។
ក្នុងអំឡុងពេលរីកមាឌជាលើកចុងក្រោយ ផ្កាយទាំងនេះអាចលេបត្របាក់យកបណ្ដាភពដែលនៅក្បែរវា។ ព្រះអាទិត្យរបស់មនុស្សក៏ត្រូវបានព្យាករថា នឹងលេបយកភពចំនួនបីដែលនៅក្បែរ រួមមាន ភពពុធ ភពសុក្រ និងផែនដី នៅពេលវារីកមាឌ។
ក៏ប៉ុន្តែ នៅជុំវិញផ្កាយ Bakedu ក្រុមអ្នកវិទ្យាសាស្ត្ររបស់វិទ្យាស្ថានតារាសាស្ត្រនៃសាកលវិទ្យាល័យ Hawaii (សហរដ្ឋអាម៉េរិក) បានប្រទះឃើញ Halla បង្ហាញខ្លួនបន្ទាប់ពីហេតុការណ៍រីកមាឌដល់កម្រិតកំពូលរបស់ផ្កាយក្រហម Bakedu។ ភព Halla «នៅមានជីវិត» និងស្ថិតនៅក្នុងលំហដែលមុននោះផ្កាយ Bakedu បានគ្របដណ្ដប់ទាំងស្រុង។
ការសង្កេតថ្មីបំផុតបានបញ្ជាក់ថា ភពខាងលើនៅតែគោចរលើគន្លងប្រកបដោយស្ថិរភាពក្នុងរយៈពេលជាងមួយទសវត្សរ៍ និងនៅតែមាន «ជីវិត» ជាមួយនឹងផ្កាយមេដែលកំពុងព្យាយាមលេបយកវា។
អ្នកវិទ្យាសាស្ត្រមិនទាន់យល់ច្បាស់ថា ហេតុអ្វីបានជា Halla នៅមានជីវិត។ មានការសន្និដ្ឋានថា Halla ប្រហែលជាធ្លាប់គោចរក្នុងគន្លងតារាវិថីឆ្ងាយ នៅមុនពេលហេតុការណ៍រីកមាឌរបស់ Bakedu។ ប៉ុន្តែ លទ្ធភាពនេះហាក់មានតិចតួច។
លទ្ធភាពទីពីរគឺថា Halla បានកកើតឡើងពីការប៉ះគ្នារវាងផ្កាយពីរដួង។ ដូច្នេះ Halla អាចជា «ខ្មោចឆៅ» របស់ផ្កាយមួយដួងក្នុងចំណោមពីរដែលបានងាប់ ពោលគឺមិនមែន Bakedu។
លទ្ធភាពទីបី គឺថា Halla ពិតជានៅមានជីវិតក្រោយហេតុការណ៍ផ្កាយ Bakedu រីកមាឌ។ ប្រការនេះអាចនាំមកនូវក្ដីសង្ឃឹមខ្លះសម្រាប់អនាគតរបស់ផែនដី៕