(បារាំង) – បាតុកម្មជាច្រើនបានផ្ទុះឡើងនៅក្នុងបណ្ដាទីក្រុង និងរីកធំទៅជាអំពើដុតបំផ្លាញ បន្ទាប់ពីក្មេងជំទង់ម្នាក់ដែលបានបំពានច្បាប់ចរាចរណ៍ ត្រូវប៉ូលិសបាញ់សម្លាប់នៅជាយក្រុងប៉ារីស។
Nael M. អាយុ 17 ឆ្នាំ កាលពីថ្ងៃទី 27 មិថុនា ត្រូវបានប៉ូលិសបារាំងពីរនាក់បញ្ឈប់រថយន្ត ព្រោះតែរំលោភច្បាប់ចរាចរណ៍។ ប៉ូលិសម្នាក់តម្រង់កាណុងកាំភ្លើងទៅកាន់ Nael M. និងកេះកៃនៅពេលក្មេងប្រុសនេះគេចខ្លួន។ រថយន្តរបស់ Nael M. បរទៅមុខបន្ថែមបានប៉ុន្មានសិបម៉ែត្រ មុនពេលបុកនឹងចិញ្ចើមផ្លូវ។
Nael M. ត្រូវបានសង្គ្រោះបន្ទាន់នៅនឹងកន្លែងកើតហេតុ ប៉ុន្តែមិនអាចជួយបាន។ ការស្លាប់របស់ក្មេងប្រុសនេះបានធ្វើឱ្យមានបាតុកម្មជាច្រើនកើតឡើងនៅ Nanterre និងតំបន់មួយចំនួនដែលនៅក្បែរខាង។
ក្រុមមន្ត្រីបារាំង បានដាក់ពង្រាយប៉ូលិស 40,000 នាក់នៅពាសពេញផ្ទៃប្រទេស រួមនឹងកងម្លាំងពិសេស RAID និង GIGN ជាដើម ដើម្បីទប់ទល់នឹងក្រុមបាតុករ។
អាជ្ញាធរទីក្រុងយ៉ាងតិចបីនៅជុំវិញប៉ារីស បានប្រកាសអាសន្ន ហាមពលរដ្ឋជួបជុំគ្នាទ្រង់ទ្រាយធំ។ ឧទ្ធម្ភាគចក្រ និងយន្តហោះគ្មានមនុស្សបើក ក៏ត្រូវបានប្រើប្រាស់ដើម្បីធានាសុវត្ថិភាព។
បើទោះជាមានការដាក់ពង្រាយកម្លាំងសន្តិសុខយ៉ាងច្រើន ប៉ុន្តែស្ថានការណ៍អំពីហិង្សានៅតែកើតឡើង។ បាតុករនាំគ្នាដុតបំផ្លាញរថយន្ត ដំឡើងរបងលើផ្លូវ និងសរសេរលើបដាថា «សងសឹកឱ្យ Nael M.»។ ប៉ូស្តិ៍ប៉ូលិសនៅតំបន់ Pyrenees ទីក្រុង Pau ក៏ត្រូវរងការវាយប្រហារដោយគ្រាប់បែកសាំង។
ក្រសួងមហាផ្ទៃបារាំងនិយាយថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សយ៉ាងតិច 667 នាក់ នៅក្នុងអំពើហិង្សាខាងលើ។
ប៉ូលិសម្នាក់អាយុ 38 ឆ្នាំ ដែលបានបាញ់សម្លាប់ Nael មិនទាន់ត្រូវបានប្រកាសឱ្យដឹងអំពីអត្តសញ្ញាណនៅឡើយ ប៉ុន្តែត្រូវបានចាប់ខ្លួនពីបទមនុស្សឃាតកាលពីថ្ងៃទី 29 មិថុនា។