Skip to content

បំណែក​សាក​សព​​នាវាមុជទឹក Titan ត្រូវបាន​ស្រង់​ឡើងគោក

បំណែក​របស់​នាវាមុជទឹក Titan ដែល​បាន​ជួប​គ្រោះថ្នាក់​កាលពី​ថ្ងៃទី 18 មិថុនា 2023 ត្រូវបាន​ស្រង់​ឡើងគោក និង​នាំទៅ​កាន់​កំពង់ផែ​នៅ​ប្រទេស​កាណាដា ក្នុងនោះ​ក៏​អាចមាន​ផ្ទុក​បំណែក​សាកសព​រប​ស់ជន​រងគ្រោះ។

ក្រុមហ៊ុន​អាម៉េរិក Pelagic Research ដែលមាន​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ Odysseus ដែល​​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​ស្វែងរក​នាវា Titan បានឱ្យដឹងថា បំណែក​នានា​ពី​សាកសព​នាវាមុជទឹក Titan ក្នុងនោះ​អាចមាន​ផ្នែក​ខាងមុខ និង​ឧបករណ៍​បញ្ជា ត្រូវបាន​នាំទៅ​កាន់​កំពង់ផែ St. John នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី 28 មិថុនា។

«ក្រុម​អ្នកស្វែងរក​បានធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​ចំនួន 10 ថ្ងៃ នៅក្នុង​ការស្វែងរក​សា​ក​សព​​នាវា​ Titan» អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ខាងលើ​ឱ្យដឹង​ដូច្នេះ និង​បន្តថា បេសកកម្ម​ស្រង់​ឡើងគោក​របស់​ពួកគេ​ត្រូវបាន​បិទ​បញ្ចប់​។

បំណែក​ពី​នាវា Titan នឹងត្រូវ​បាន​ដឹក​ទៅកាន់​សហរដ្ឋ​អាម៉េរិក ដើម្បី​វិភាគ​បន្ថែម។ កម្លាំង​ឆ្មាំ​សមុទ្រ​អាម៉េរិក ថ្មីៗនេះ​ក៏បាន​បញ្ជាក់ថា ប្រហែលជា​បាន​រកឃើញ​បំណែក​សាកសព​របស់​ជ​ន​រងគ្រោះ​នៅក្បែរ​បំណែក​នាវា ក្នុងពេល​ស្រង់​ឡើងគោក។

Jason Meubauer ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​ហេតុ​កាណ៍​គ្រោះថ្នាក់​នាវា Titan របស់​សហរដ្ឋ​អាម៉េរិក និយាយថា «នៅមាន​កិច្ចការ​ត្រូវធ្វើ​ជាច្រើន​ទៀត​ដើម្បី​ស្វែងរក​មូលហេតុ​ដែលនាំឱ្យ​កើតមាន​ហេតុ​កាណ៍​ដ៏​សោកសៅ​របស់ Titan»។

នាវាមុជទឹក Titan បាន​ដាច់​ទំនាក់ទំនង​តាំងពី​ថ្ងៃទី 18 មិថុនា 2023 ប្រហែល​ជិត​ពីរ​ម៉ោង​បន្ទាប់ពី​បាន​ចាក​ចេញពី​កប៉ាល់​មេ Polar Prince ដើម្បី​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic។ កាលពី​ថ្ងៃទី 22 មិថុនា ក្រុម​ល្បាត​សមុទ្រ​អាម៉េរិក​អះអាងថា នាវា Titan បាន​បែកបាក់​ខ្ទេច​​ខ្ទី​នៅ​បាតសមុទ្រ បណ្ដាលឱ្យ​មនុស្ស 5 នាក់​បាត់​បង់ជីវិត។ បំណែក​របស់ Titan ត្រូវបាន​រកឃើញ​នៅ​តំបន់​ដែលមាន​ចម្ងាយ​ពី​ក្បាល​សាកសព​កប៉ាល់ Titanic ប្រហែល 488 ម៉ែត្រ។

មន្ត្រី​អាម៉េរិក​យល់ថា Titan ត្រូវបាន​កម្ទេច​​ដោយ​សម្ពាធ​ទឹក​ក្នុង​ជម្រៅ​ជិត 4,000 ម៉ែត្រ ធ្វើឱ្យ​ជនរងគ្រោះ​ហាក់​​ត្រូវស្លាប់ភ្លាមៗ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា គ្រោះថ្នាក់​នេះ​កើតឡើង​ដោយសារ​បញ្ហា​បច្ចេកទេស​ក្នុង​នាវា ឬ​ដោយសារ​មនុស្ស​ធ្វើឱ្យមាន​កំហុស៕

Leave a Reply

Your email address will not be published. Required fields are marked *