អាជ្ញាធរម៉ិកស៊ិកធ្វើយុទ្ធនាការស្វែងរកទ្រង់ទ្រាយធំ បន្ទាប់ពីប៉ូលិស 16 នាក់ត្រូវបានក្រុមប្រដាប់អាវុធខុសច្បាប់បញ្ឈប់រថយន្ត និងចាប់ជំរិតនៅលើផ្លូវល្បឿនលឿន។
ប្រធានាធិបតី Andres Manuel Lopez Obrador កាលពីថ្ងៃទី 28 មិថុនា បានឱ្យដឹងថា បានចេញបញ្ជាឱ្យមានការរំដោះក្រុមប៉ូលិសដែលត្រូវបានគេចាប់ជំរិតនៅក្នុងរដ្ឋ Chiapas ភាគខាងត្បូងប្រទេសម៉ិកស៊ិក កាលពីមុននោះមួយថ្ងៃ។
លោក Obrador ថ្លែងថា ក្រុមប៉ូលិសនោះធ្វើការនៅឯមន្ទីរឃុំខាំងមួយនៅមិនឆ្ងាយពីកន្លែងកើតហេតុ។ លោកយល់ថា ហេតុការណ៍នេះទំនងជាជាប់ទាក់ទិននឹងជម្លោះរវាងបណ្ដាក្រុមសង្គមងងឹត។ លោក Obrador សន្យាថា នឹងចាត់ការក្រុមជននៅពីក្រោយករណីនេះឱ្យខាងតែបាន។
មុននេះមួយថ្ងៃ ក្រុមមន្ត្រីម៉ិកស៊ិកប្រកាសថា ក្រុមប្រដាប់អាវុធខុសច្បាប់បានចាប់ជំរិតប៉ូលិស 14 នាក់ ប៉ុន្តែក្រោយមកក៏បន្ថែម 2 នាក់ទៀត។
ករណីប្រឈមមុខដាក់គ្នារវាងកងកម្លាំងអនុវត្តច្បាប់ និងក្រុមជនល្មើសនៅ Ocozocautla បានកើតឡើងញឹកញាប់ខ្លាំងក្នុងមួយរយៈពេលចុងក្រោយនេះ។ Ocozocautla គឺជាតំបន់ដែលកើតមានអំពើជួញដូរមនុស្ស និងគ្រឿងញៀនសកម្មជាងគេនៅប្រទេសម៉ិកស៊ិក។