លោក Musk បានយល់ព្រមហាត់ក្បាច់គុនជាមួយនឹង Gerges St-Pierre ដែលជាកំពូលអ្នកគុននិយមម្នាក់របស់ពិភពលោក ដើម្បីត្រៀមខ្លួនឡើងសង្វៀនប្រកួតប្រដាល់ជាមួយនឹងមហាសេដ្ឋី Zuckergerg។
«លោក Musk ខ្ញុំគឺជាអ្នកគាំទ្ររបស់លោក។ នឹងជាកិត្តិយសបំផុតបើសិនខ្ញុំអាចជួយក្នុងការប្រកួតជាមួយ Zuckerberg។ សូមទុកឱ្យខ្ញុំធ្វើជាគ្រូបង្វឹករបស់លោក» Georges St-Pierre (GSP) បង្ហោះសារលើ Twitter កាលពីថ្ងៃទី 25 មិថុនាដូច្នេះ។
កាលពីថ្ងៃទី 27 មិថុនា 2023 មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk បានឆ្លើយតបលើ Twitter ថា «បាន តោះយើងចាប់ផ្ដើម»។ សាររបស់លោក Musk ទាក់ទាញអ្នកអានបានជាងកន្លះលាននាក់ និងការចុចចូលចិត្តជាង 14.4 k ក្រោយការបង្ហោះមិនដល់មួយថ្ងៃ។ អ្នកចូលមើលស្ទើរតែទាំងអស់គាំទ្រដល់ការសម្រេចចិត្តរបស់លោក Musk ដោយពួកគេសរសេរប្រហាក់់ប្រហែលគ្នាថា ទន្ទឹងរង់ចាំការប្រកួតនេះ។
ឆ្លើយតបនឹងការពេញចិត្តរបស់អ្នកលេងបណ្ដាញសង្គម លោក Musk ក៏បានឱ្យដឹងថា លោកក៏ទើបតែ «លេងមួយទឹក» ជាមួយនឹង Lex Fridman អ្នកស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត (AI) និងជាម្ចាស់ឆានែល podcast ដ៏ល្បីឈ្មោះ ដែលជំនាញខាងសម្ពាសក្រុមមេដឹកនាំបច្ចេកវិទ្យា។
Gerges St-Pierre គឺជាអ្នកគុននិយមជនជាតិកាណាដាដើមកំណើតបារាំង។ បុរសនេះធ្លាប់ដណ្ដើមបានតំណែងជើងឯកពានរង្វាន់ MMA ពីរទម្ងន់ផ្សេងគ្នា។
កាលពីថ្ងៃទី 21 មិថុនា ចាប់ផ្ដើមពីរឿងរ៉ាវសរសេរលេងនៅលើ Twitter មហាសេដ្ឋី Elon Musk បានបបួលមហាសេដ្ឋី Mark Zuckerberg ណាត់ទីតាំងវាយគ្នានៅលើសង្វៀនក្នុងទ្រុងដែកនៅ Las Vegas ហើយម្ចាស់ Facebook ក៏យល់ព្រម។
សំណួរដែលសួរថា «អ្នកជ្រើសរើស Team Musk ឬ Team Zuck?» បានក្លាយជាពាក្យពេញនិយមនៅលើបណ្ដាញសង្គម Twitter និង Reddit។
បើនិយាយអំពីន័យចំ Zuckerberg អាយុ 39 ឆ្នាំ ប្រាកដជាមានប្រៀបជាង ដោយសារតែនៅក្មេង ជាអ្នកគុននិយម MMA និងធ្លាប់ឈ្នះក្នុងការប្រកួតគុនជឺជិតស៊ូប្រេងស៊ីល។ ចំណែកលោក Musk អាយុ 51 ឆ្នាំ មានប្រៀបជាងខាងកម្ពស់ និងទម្ងន់ ហើយធ្លាប់និយាយថា បានចូលរួមវាយគ្នានៅតាមដងផ្លូវពេលធំឡើងនៅអាហ្វ្រិកខាងត្បូង។
ចំណែកឪពុកម្ដាយរបស់លោក Musk សុទ្ធតែមានការបារម្ភចំពោះកូនប្រុស និងណែនាំថា មិនគួរប្រកួតឡើយ។ លោក Errol Musk ដែលជាឪពុករបស់លោក Elon Musk និយាយថា ទោះជាឈ្នះ ឬចាញ់ កូនរបស់គាត់នៅតែត្រូវទទួលការខាតបង់។
រីឯអ្នកគាំទ្រវិញ កំពុងតែទន្ទឹងរង់ចាំ និងនាំគ្នាភ្នាល់ ចែកជាក្រុម «Team Musk» និង «Team Zuck»។ Dana White ប្រធាន UFC (Ultimate Fighting Championship) ព្យាករថា គូប្រកួត Musk – Zuckerberg អាចក្លាយជាការប្រកួតក្បាច់គុនមួយទល់នឹងមួយធំបំផុតក្នុងប្រវត្តិសាស្ត្រ និងបំបែករាល់កំណត់ត្រាស្ដីពីការលក់សំបុត្រចូលទស្សនា។ លោកនិយាយថា គ្រប់គ្នានឹងត្រូវចំណាយប្រហែល 100 ដុល្លារ សម្រាប់ការទស្សនាមួយលើកនៅតាមទូរទស្សន៍៕