Sagittarius A* ដែលអ្នកវិទ្យាសាស្ត្រនឹកស្មានថាបាន «ដេកលង់លក់» នៅកណ្ដាលកាឡាក់ស៊ីដែលមានផ្ទុកផែនដី ពេលនេះបែរជាបញ្ចេញសញ្ញាដ៏គួរឱ្យភ័យខ្លាច។
យានអវកាស IXPE របស់ណាសាថតបាន «សញ្ញាពីឋាននរក» ដែលបញ្ជាក់ថា ប្រហោងខ្មៅរបស់កាឡាក់ស៊ីមីលគីវ៉េ (Milky Way) មិនបានដេកលង់លក់ទាំងស្រុងដូចអ្នកវិទ្យាសាស្ត្របានគិតឡើយ។
Sagittarius A* គឺជាប្រហោងខ្មៅនៅកណ្ដាលកាឡាក់ស៊ីមីលគេវ៉េដែលបានឆ្លងផុតដំណាក់កាលលេបត្របាក់ដ៏កាចសាហាវ។ វាមានម៉ាសធំជាងព្រះអាទិត្យប្រហែលនឹង 4.1 លានដង និងស្ថិតក្នុងក្រុមប្រហោងខ្មៅដែលធំជាងគេក្នុងចក្រវាល។
ក៏ប៉ុន្តែ ថ្មីៗនេះមានភស្ដុតាងកាន់តែច្រើនបង្ហាញថា ប្រហោងខ្មៅនេះនៅតែ «ចាប់ស៊ី» វត្ថុអវកាសទាំងឡាយណាដែលគោចរមកក្បែរមាត់របស់វា។
យានអវកាស IXPE កត់ត្រាបានពន្លឺចែងចាំងឡើងខុសធម្មតារបស់ពពកបង្កបង្កើតផ្កាយ (Molecular cloud) ស្ថិតនៅក្បែរចំណុចកណ្ដាលរបស់ប្រហោងខ្មៅ Sagittarius A* និងបានដឹងថា វាកំពុងបញ្ចេញពន្លឺខ្លាំងជាងការគ្រោងទុក។
ការវិភាគបានបង្ហាញថា ពន្លឺនេះពុំមែនពពកបង្កបង្កើតផ្កាយជាអ្នកបញ្ចេញ ប៉ុន្តែវាគ្រាន់តែជាចំណាំងប្លាតពន្លឺពីហេតុការណ៍ផ្ទុះរបស់ Sagittarius A*។
ការគណនារបស់ក្រុមអ្នកវិទ្យាសាស្ត្របារាំងបានបង្ហាញថា ហេតុការណ៍ផ្ទុះនេះទើបតែកើតឡើងអំឡុងសតវត្សរ៍ទី XIX និងអូសបន្លាយពេលប្រហែលមួយឆ្នាំកន្លះ។
អ្នកវិទ្យាសាស្ត្រមិនទាន់ដឹងច្បាស់ថា វត្ថុអវកាសដែលត្រូវបានប្រហោងខ្មៅខាងលើហែកស៊ីគឺជាអ្វីនៅឡើយ ប៉ុន្តែបើតាមទ្រឹស្ត្រី វាអាចជាផ្កាយដែលទើបចាប់កំណើតពីពពកម៉ូលេគុលនៅក្បែរប្រហោងខ្មៅនោះ។