Jay Bloom សប្បាយចិត្តនៅពេលបង្អួតកូនប្រុសអំពីគម្រោងចុះទៅទស្សនាសាកសពកប៉ាល់ Titanic នៅបាតមហាសមុទ្រ ដោយជិះក្នុងនាវាមុជទឹក Titan ប៉ុន្តែសំណាងល្អ ព្រោះបានកូនព្រមានទាន់ពេល។
«មូលហេតុដែលឪពុកខ្ញុំមិនទៅក៏ព្រោះតែខ្ញុំបានព្រមានគាត់ថា «ប៉ា កប៉ាល់មុជទឹកនោះមិនអាចនៅសេសសល់ក្នុងជម្រៅជ្រៅបែបនេះនៅក្រោមមហាសមុទ្រនោះទេ» Sean Bloom អាយុ 20 ឆ្នាំ កូនប្រុសរបស់មហាសេដ្ឋី Jay Bloom និយាយកាលពីថ្ងៃទី 24 មិថុនាដូច្នេះ។
Sean បន្ថែមថា «ខ្ញុំព្រួយបារម្ភណាស់ ព្រោះគិតថា កូននាវានេះមិនអាចស៊ូទ្រាំបានជាមួយនឹងសម្ពាធខ្លាំងបែបនេះ។ វាក៏មិនអាចមុជទៅជ្រៅដូច្នេះ»។
Sean ចូលចិត្តស្រាវជ្រាវអំពី Titanic ហើយលោក Jay ដែលជាមហាសេដ្ឋីម្នាក់ដែរនោះ ក៏ចង់ឱ្យកូនប្រុសទៅជាមួយខ្លួន។ Stockton Rush ស្ថាបនិក និងជា CEO របស់ OceanGate ដែលក្រុមហ៊ុនគ្រប់គ្រងនាវា Titan បានទៅជួប Jay កាលពីខែមីនា។ ពួកគេបានទៅមើលពិព័រណ៍ Titanic នៅសណ្ឋាគារ Luxor និងបានពិភាក្សាគ្នាអំពីដំណើរផ្សងព្រេង។
Jay ឱ្យដឹងថា លោក Rush ជំរុញជាបន្តបន្ទាប់ដើម្បីឱ្យគាត់ទិញសំបុត្រទៅមើល Titanic នៅបាតសមុទ្រ។ ក្នុងពេល Rush កំពុងបញ្ចុះបញ្ចូល Jay កូនរបស់ Jay គឺ Sean និងមិត្តរបស់គេក៏ស្វែងយល់បន្ថែមអំពី Titan ហើយពួកគេក៏ចាប់ផ្ដើមព្រួយភ័យ។
«នោះគឺជាកូននាវាដ៏តូច មនុស្ស 5 នាក់អង្គុយប្រជ្រៀតគ្នានៅខាងក្នុង។ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ អារម្មណ៍របស់ខ្ញុំរម្លឹកខ្ញុំជានិច្ចថា មិនគួរធ្វើដំណើរលើកនេះ» Sean និយាយដូច្នេះ។
នៅចំពោះមុខឪពុក Sean បានព្រមាន និងរៀបរាប់អំពីបញ្ហាសុវត្ថិភាពដែល Titan អាចជួបប្រទះ។ ចុងក្រោយ ឪពុក និងកូនក៏យល់ស្របគ្នាថា មិនទៅ។ Rush ក៏បានជំនួសកៅអីរបស់ Sean និង Jay ដោយលក់សំបុត្រឱ្យមហាសេដ្ឋីអង់គ្លេសដើមកំណើតប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman។
នាវាមុជទឹក Titan បានបាត់ខ្លួនកាលពីថ្ងៃទី 18 មិថុនា ពេលកំពុងដឹកមនុស្ស 5 នាក់ ធ្វើដំណើរចុះទៅមើលសាកសពកប៉ាល់ Titanic ក្រោមបាតមហាសមុទ្រអាត្លង់ទិក ជម្រៅជិត 4,000 ម៉ែត្រ និងមានចម្ងាយពី Newfoundland របស់កាណាដា ប្រហែល 600 គីឡូម៉ែត្រ។ ក្រុមមន្ត្រីអាម៉េរិក និងក្រុមហ៊ុន OceanGate កាលពីថ្ងៃទី 22 មិថុនា បានប្រកាសជាផ្លូវការថា នាវា Titan បានផ្ទុះបែក ហើយមនុស្ស 5 នាក់ក្នុងនាវាបានបាត់បង់ជីវិត។