កងទ័ព​​ស៊ីឈ្នួល Wagner ប្រកាសថា បាន​បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​របស់​កងទ័ព​រុស្ស៊ី

កងកម្លាំង​ស៊ីឈ្នួល​ Wagner ដែល​ធ្វើការ​ឱ្យ​រុស្ស៊ី

Prigozhin ប្រកាសថា ក្រុម​ខ្មាន់កាំភ្លើង Wagner បាញ់​ទម្លាក់​ឧ​ទ្ធ​ម្ភា​គ​យោធា​រុស្ស៊ី ពេល​វា​បាញ់ប្រហារ​មកលើ​ក្បួន​រថយន្ត​របស់​កងក​ម្លាំ​ង​នេះ​ដែល​កំពុង​ឆ្ពោះទៅកាន់​ខេត្ត Rostov។

Yevgeny Prigozhin មេដឹកនាំ​ក្រុមហ៊ុន​ទាហាន​ស៊ីឈ្នួល​ឯកជន Wagner ដែលធ្វើ​ការ​ឱ្យ​កងទ័ព​រុស្ស៊ី កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃទី 24 មិថុនា​នេះ បានប្រកាសថា កំពុង​នាំ​ក្បួន​រថយន្ត​ដឹក​ខ្មាន់កាំភ្លើង​របស់​ខ្លួន​​រាប់ពាន់នាក់​ពី​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ឆ្លងកាត់​ព្រំដែន​រុស្ស៊ី ឆ្ពោះ​ចូល​ខេត្ត Rostov នៅ​ភាគខាងត្បូង ដើម្បី «ទាមទារ​យុត្តិធម៌»។

មុន​នោះ Prigozhin បាន​ចោទថា អគ្គមេបញ្ជាការ​កងទ័ព​ Valery Gerasimov និង​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ Sergei Shoigu របស់​រុស្ស៊ី បានចេញ​បញ្ជា​ឱ្យ​បាញ់​មី​ស៊ី​ល​កម្ទេច​បន្ទាយ​កង​ទ័ព​របស់ Wagner។

លោក Yevgeny Prigozhin ឱ្យដឹងថា ឧត្ដមសេនីយ៍ Gerasimov បាន «ចេញ​បញ្ជា​ឱ្យ​ឧទ្ធម្ភាគចក្រ​យោធា វាយប្រហារ​លើ​ក្បួន​រថយន្ត» របស់​ក្រុមហ៊ុន​យោធា​ឯកជន​ដែល​កំពុង​ឆ្ពោះទៅកាន់ Rostov។ «គាត់​មិន​ខ្វល់​ថា ខ្លួន​កំពុង​សម្លាប់​អ្នកណា» លោក Prigozhin និយាយ​ដូច្នេះ និង​អះអាងថា ពី​ឡុ​ត​មួយចំនួន​មិន​គោរព​តាម​បញ្ជា​របស់ Gerasimov និង​បាន​សម្ដែង​ការដឹងគុណ​ចំពោះ​ពួកគេ។

លោក Prigozhin ក្រោយមក​ក៏បាន​ប្រកាសថា កងកម្លាំង Wagner បាន​បាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​រុស្ស៊ី បន្ទាប់ពី​ពី​ឡុ​ត​បើក​ការវាយប្រហារ​មកលើ​ក្បួន​រថយន្ត។ ក៏ប៉ុន្តែ មេដឹកនាំ​របស់ Wagner មិនទាន់​ប្រកាស​ព័ត៌មាន​លម្អិត​អំពី​ស្ថានការណ៍ ទីតាំង និង​រូបភាព​ដែល​ទាក់ទង​ក្នុងករណីនេះ​នៅឡើយ។

មុន​នោះ លោក Prigozhin ប្រកាសថា Wagner ទទួលបាន «ការស្វាគមន៍​ពី​កងកម្លាំង​ការពារ​ព្រំដែន ពេល​ឆ្ពោះ​ពី​តំបន់​សមរភូមិ​នៅ​អ៊ុយ​ក្រែ​ន ចូលមក​ខេត្ត Rostov។ «អង្គភាព​ដែល​ត្រូវបាន​ក្រសួងការពារជាតិ​បញ្ជូនមក​ដើម្បី​រារាំង​ផ្លូវ​របស់​យើង​ក៏បាន​ចៀស​ទៅ​ម្ខាង» មេ Wagner បន្ថែម​ដូច្នេះ។

លោក Prigozhin អះអាងថា «…យើង​នឹង​កម្ទេច​អ្នក​ទាំងឡាយណា​ដែល​រារាំង​ដំណើរ។ យើង​កំពុង​ឆ្ពោះទៅមុខ ហើយនឹង​ដើរ​ដល់ទី​បញ្ចប់»។

អង្គភាព​សន្តិសុខ​រុស្ស៊ី (FSB) កាលពី​ថ្ងៃទី 23 មិថុនា បានប្រកាស​បើក​ការស៊ើបអង្កេត​លើ​លោក Prigozhin ព្រោះតែ​ទង្វើ «បំបះបំបោរ» នៅពេល​អំពាវនាវ​ដល់​​កងកម្លាំង Wagner ទាំងអស់ ងាក​មក​ប្រឆាំងនឹង​ក្រសួងការពារជាតិ​រុស្ស៊ី។

FSB ប្រកាស​អំពី​ការសម្រេចចិត្ត​បើក​ការស៊ើបអង្កេត បន្ទាប់ពី​លោក Prigozhin ចោទប្រកាន់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​រុស្ស៊ី Shoigu ថា មកកាន់ Rostov ដើម្បី​ដឹកនាំ​កម្លាំង​វាយប្រហារ​ដោយ​មី​ស៊ី​ល​សំដៅលើ​បន្ទាយ​ទាហាន​របស់ Wagner បង្កឱ្យមាន​ការស្លាប់ និង​របួស​ច្រើន។

មេ Wagner ប្រកាសថា ដឹកនាំ​ទាហាន​ស៊ីឈ្នួល 25,000 នាក់ ទៅកាន់ Rostov ដើម្បី​សួរនាំ​រដ្ឋមន្ត្រី Shoigu អំពី​ករណី​វាយប្រហារ​ខាងលើ និង​បាន​អះអាងថា នេះ​គឺជា «ដំណើរ​ទាមទារ​យុត្តិធម៌ មិនមែនជា​រដ្ឋប្រហារ» ហើយ​សកម្មភាព​នេះ​ក៏ «មិនមែនជា​ការរារាំង​ទាហាន​រុស្ស៊ី»។

ចំណែក FSB វិញ ក៏បាន​អំពាវនាវ​សូមឱ្យ​សមាជិក​នានា​របស់ Wagner ​កុំ​ធ្វើតាម​បញ្ជា​របស់ Prigozhin និង​ថា គួរតែ​ចាប់ខ្លួន​មេដឹកនាំ​ក្រុមហ៊ុន​យោធា​ស៊ីឈ្នួល​ឯកជន​នេះ។

ក្នុង​គ្រា​នោះដែរ ឧត្ដមសេនីយ៍​រុស្ស៊ី​មួយចំនួន​បាន​ណែនាំ​ឱ្យ​ទាហាន Wagner គោរព​តាម​បទបញ្ជា​របស់​ប្រធានាធិបតី​រុស្ស៊ី ដែល​ស្នើឱ្យ​រំសាយ​ក្រុម និង​ត្រលប់​ទៅកាន់​មូលដ្ឋាន មុននឹង​ហួសពេល។

Adam Hodge អ្នកនាំពាក្យ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អាម៉េរិក និយាយថា សេត​វិមាន​កំពុង​តាមដាន​ស្ថានការណ៍​ដែល​ទាក់ទិន​នឹង Wagner ហើយ​ថា នឹង «ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​អំពី​បញ្ហា​នេះ»៕

Advertisement