លោក James Cameron និយាយថា គ្រោះថ្នាក់នាវាមុជទឹក Titan មានចំណុចស្រដៀងទៅនឹងហេតុការណ៍លិចកប៉ាល់ Titanic កាលពីជាង 100 ឆ្នាំមុន នៅពេលករណីទាំងពីរនេះសុទ្ធតែត្រូវបានព្រមានជាមុន។
អ្នកដឹកនាំរឿង Titanic លោក Cameron បាននិយាយដូចខាងលើនៅលើទំព័រ ABC នាថ្ងៃទី 23 មិថុនា ក្រោយពីមន្ត្រីអាម៉េរិកបញ្ជាក់ថា នាវាមុជទឹក Titan បានបែកបាក់ជាបំណែក បណ្ដាលឱ្យមនុស្សប្រាំនាក់បាត់បង់ជីវិត។
លោក Cameron ដែលធ្លាប់ចុះទៅបាតមហាសមុទ្រចំនួន 33 លើក ដើម្បីស្វែងយល់ពីសាកសពកប៉ាល់ Titanic បានឱ្យដឹងថា លោកដឹងច្បាស់អំពីទីតាំង តំបន់សមុទ្រនេះ។ លោកក៏ជាអ្នកដែលបានចូលរួមតាមដានការអភិវឌ្ឍនាវាមុជទឹកផងដែរ។
ហេតុការណ៍រន្ធត់បានកើតឡើងនៅក្នុងទីតាំងតែមួយ បន្ទាប់ពីការព្រមានអំពីសុវត្ថិភាពត្រូវបានគេរំលងចោល។ «ខ្ញុំរន្ធត់នឹងរឿងនេះណាស់» លោក Cameron ថ្លែងដូច្នេះ។
អ្នកដឹករឿងរបស់ភាពយន្ត Titanic និយាយថា កន្លងមក សហគមន៍អ្នកចូលចិត្តមុជទឹកសមុទ្របានសម្ដែងការព្រួយបារម្ភអំពីបញ្ហាសុវត្ថិភាពរបស់បណ្ដានាវាមុជទឹកដូច Titan។ អ្នកខ្លះថែមទាំងបានសរសេរសំបុត្រផ្ញើជូនក្រុមហ៊ុន OceanGate ដែលជាម្ចាស់នាវា Titan ដើម្បីប្រាប់ថា អ្វីដែលក្រុមហ៊ុននេះកំពុងធ្វើគឺពិតជាការផ្សងព្រេងខ្លាំងណាស់។
លោក Cameron ភ្ញាក់ផ្អើលខ្លាំងចំពោះភាពស្រដៀងគ្នារវាងគ្រោះថ្នាក់របស់ Titan និង Titanic។ ឆ្នាំ 1912 ប្រធានក្រុមនាវិករបស់កប៉ាល់ Titanic បានព្រមានជាបន្តបន្ទាប់អំពីភ្នំទឹកកកនៅខាងមុខក្នុងពេលធ្វើដំណើរ។ ប៉ុន្តែ នៅក្នុងយប់ងងឹត កប៉ាល់នេះនៅតែឆ្ពោះទៅមុខយ៉ាងលឿន ធ្វើឱ្យវាត្រូវបុកនឹងភ្នំទឹកកក បណ្ដាលឱ្យលិច ហើយមនុស្សរាប់ពាន់នាក់ត្រូវបាត់បង់ជីវិត។
សមត្ថកិច្ចអាម៉េរិក កាលពីថ្ងៃទី 18 មិថុនា បានទទួលដំណឹងថា Titan ដែលជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមបីគ្រឿងរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក នៅថ្ងៃទី 18 មិថុនា ពេលកំពុងធ្វើដំណើរទេសចរណ៍នៅឯតំបន់បាតសមុទ្រដែលមានសាកសពកប៉ាល់ Titanic។
ក្រុមមនុស្សក្នុងនាវាមុជទឹក Titan រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman ត្រូវបានមន្ត្រីអាម៉េរិកប្រកាសកាលពីវេលាទៀបភ្លឹថ្ងៃនេះថា បានបាត់បង់ជីវិតទាំងអស់ ក្រោយពីរកឃើញបំណែកនានារបស់ Titan៕