ឪពុក និងកូនជនជាតិប៉ាគីស្ថានដែលស្ថិតនៅក្នុងនាវាមុជទឹកកំពុងបាត់ខ្លួន គឺជាសមាជិកត្រកូលអភិជន Dawood ដ៏ល្បីឈ្មោះ និងសម្បូរទ្រព្យ ធ្លាប់រួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍប្រទេសជាតិ។
Shahzada Dawood អាយុ 48 ឆ្នាំ និងកូនប្រុស Suleman Dawood អាយុ 19 ឆ្នាំ គឺជាមនុស្សពីរនាក់ក្នុងចំណោមប្រាំនាក់ដែលកំពុងជាប់ក្នុងនាវាមុជទឹក Titan ដែលបានបាត់ខ្លួនតាំងពីថ្ងៃទី 18 មិថុនា 2023 នៅពេលធ្វើដំណើរចុះទៅ មើលកប៉ាល់ Titanic នៅបាតមហាសមុទ្រអាត្លង់ទិក។ អ្នកទាំងពីរគឺជាសមាជិករបស់ Dawood ដែលជាត្រកូលអភិជនល្បីឈ្មោះនៅប្រទេសប៉ាគីស្ថាន។
បុគ្គលដែលនាំមុខគេរបស់ត្រកូល Dawood គឺ Hussain Dawood ដែលជាឪពុករបស់ Shahzada។ ត្រកូលនេះបានផ្ដល់ប្រាក់យ៉ាងច្រើនដល់រដ្ឋាភិបាលប៉ាគីស្ថាន បន្ទាប់ពីប្រទេសនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ 1947 និងបានគាំទ្រដល់និន្នាការឧស្សាហកម្មសម័យដំបូងរបស់ប្រទេស។ នេះបើតាម Aqeel Karim Dhedhi ដែលជាអ្នកជំនួញកំពូលមួយរូបនៅ Karachi។
ត្រកូល Dawood គឺជាម្ចាស់សាជីវកម្ម Engro ជាទីដែល Shahzada ធ្វើជាអនុប្រធាន។ Engro វិនិយោគទៅលើគម្រោងថាមពល កសិកម្ម ប្រេង និងទូរគមនាគមន៍ ដែលរកចំណូលបាន 350 ពាន់លានរ៉ូពី (1.2 ពាន់លានដុល្លារអាម៉េរិក) ក្នុងឆ្នាំ 2022។
លោក Shahzada កើតនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែមានសញ្ជាតិអង់គ្លេស និងកំពុងរស់នៅក្នុងប្រទេសនេះជាមួយភរិយា កូនប្រុស Suleman និងកូនស្រី Alina៕