កងកម្លាំងល្បាតឆ្នេរអាម៉េរិក គណនាឃើញថា បរិមាណខ្យល់អុកស៊ីសែនដែលមាននៅក្នុងនាវាមុជទឹក Titan អាចគ្រប់គ្រាន់សម្រាប់រយៈពេល 20 ម៉ោង (គិតត្រឹមម៉ោងប្រហែល 22 ថ្ងៃទី 21 មិថុនា) នៅពេលពួកគេកំពុងបន្ថែមកប៉ាល់ដែលអាចរកឃើញវត្ថុនានានៅបាតសមុទ្រ។
កាលពីវេលាម៉ោងប្រហែល 11 ម៉ោងនៅភាគខាងកើតសហរដ្ឋអាម៉េរិក (ម៉ោងប្រហែល 22 នៅកម្ពុជា) ថ្ងៃទី 21 មិថុនា ឧត្ដមនាវីទោ John Mauger របស់កងកម្លាំងល្បាតសមុទ្រអាម៉េរិក បានឱ្យដឹងថា បរិមាណខ្យល់អុកស៊ីសែនក្នុងនាវា Titan នៅសល់ប្រហែល 20 ម៉ោងទៀត ដោយយោងទៅតាមការគណនាដំបូង គឺ 96 ម៉ោង ចាប់តាំងពីនាវានេះបានបាត់ទំនាក់ទំនង។
អ្នកមុជទឹក Joe Maclnnis មិត្តរបស់លោក Paul-Henri Nargeolet ដែលជាមនុស្សម្នាក់ស្ថិតនៅក្នុងនាវាបាត់ខ្លួន Titan ជឿថា មិត្តរបស់គាត់គឺជា «អ្នកដឹកនាំដ៏អស្ចារ្យនៅក្នុងពេលមានបញ្ហា»។ លោក Joe និយាយថា លោក Nargeolet ដែលធ្លាប់ជាប្រធានក្រុមមុជទឹកជ្រៅនៅក្នុងជួរទ័ពជើងទឹកបារាំង អាចណែនាំអ្នកនៅក្នុងនាវាឱ្យរក្សាភាពស្ងប់ស្ងាត់ និងដកដង្ហើមកាន់តែតិច កាន់តែល្អ។
សមត្ថកិច្ចអាម៉េរិក កាលពីថ្ងៃទី 18 មិថុនា បានទទួលដំណឹងថា Titan ដែលជានាវាមុជទឹកមួយគ្រឿងក្នុងចំណោមបីគ្រឿងរបស់ក្រុមហ៊ុន OceanGate Expeditions បានបាត់ខ្លួននៅក្នុងមហាសមុទ្រអាត្លង់ទិក នៅថ្ងៃទី 18 មិថុនា ពេលកំពុងធ្វើដំណើរទេសចរណ៍នៅឯតំបន់បាតសមុទ្រដែលមានសាកសពកប៉ាល់ Titanic។ ភ្លាមៗបន្ទាប់ពីហេតុការណ៍ដាច់ទំនាក់ទំនងជាមួយនាវា Titan បានកើតឡើង សមត្ថកិច្ច និងក្រុមសង្គ្រោះក៏ត្រូវបានបញ្ជូនទៅជួយស្វែងរក។
ក្រុមមនុស្សក្នុងនាវាមុជទឹក Titan ដែលកំពុងបាត់ខ្លួន ត្រូវបានគេជឿថា រួមមាន មហាសេដ្ឋីអង់គ្លេស Hamish Harding, អ្នកជំនាញបារាំង Paul-Henry Nargeolet, ស្ថាបនិករបស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញប៉ាគីស្ថាន Shahzada Dawood និងកូនប្រុស Suleman៕