មហា​សេដ្ឋី និង​អ្នក​ជំនួញ​មក​ពី​​បួន​ប្រទេស​បាត់​ខ្លួន​​ជាមួយ​នឹង​ Titan ពេល​ចុះ​មើល​សព Titanic

អ្នកជំនាញ​បារាំង​ម្នាក់ រួម​នឹង​អ្នកជំនួញ​បួន​នាក់​មកពី​អង់គ្លេស ប៉ា​គី​ស្ថាន និង​សហរដ្ឋ​អាម៉េរិក ត្រូវបាន​គេ​ជឿថា មាន​វត្តមាន​នៅក្នុង​នាវាមុជទឹក Titan ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic នៅ​បាត​មហាសមុទ្រ។

សមត្ថកិច្ច​អាម៉េរិក កាលពី​ថ្ងៃទី 18 មិថុនា បានទទួល​ដំណឹង​ថា Titan ដែលជា​នាវាមុជទឹក​មួ​យ​គ្រឿងក្នុង​ចំណោម​បី​គ្រឿង​របស់​ក្រុមហ៊ុន OceanGate Expeditions បាន​បាត់​ខ្លួន​នៅក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក នៅ​​ថ្ងៃទី 18 មិថុនា ពេល​កំពុងធ្វើដំណើរ​ទេស​ចរណ៍​នៅឯ​តំបន់បាត​សមុទ្រ​ដែល​មាន​​សាកសព​កប៉ាល់ Titanic។

OceanGate Expeditions ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​រដ្ឋ​វ៉ា​ស៊ី​ង​តោន សហរដ្ឋ​អាម៉េរិក បានចាប់ផ្ដើម​ផ្ដល់​សេវាកម្ម​នាំ​អតិថិជន​ទៅ​មើល​សាកសព​កប៉ាល់ Titanic ក្នុងតម្លៃ​ប្រហែល 250,000 ដុល្លារ/ម្នាក់ ចាប់ពី​ឆ្នាំ 2020។ ភ្ញៀវ​នឹង​ទទួល​បទពិសោធន៍ 8 ថ្ងៃ​នៅលើ​សមុទ្រ ក្នុងនោះ នាវាមុជទឹក Titan ដែល​ដាក់​មនុ​ស្សបាន 5 នាក់ ត្រូវបាន​ប្រើប្រាស់​ដើម្បី​នាំ​ទេសចរ​ចុះទៅ​មើល​សាកសព​កប៉ាល់ Titanic ដែល​ស្ថិត​ក្នុង​ជម្រៅ​​ប្រហែលជិត 4,000 ម៉ែត្រ​។

ពីឆ្វេងមកស្ដាំគឺ Paul-Henry Nargeolet, Hamish Harding និង Stockton Rush

ភ្លាមៗបន្ទាប់ពី​ហេតុការណ៍​ដាច់​ទំនាក់ទំនង​ជាមួយ​នាវា Titan បានកើត​ឡើង សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ក៏ត្រូវ​បាន​បញ្ជូនទៅ​ជួយ​ស្វែងរក។ ក្រុមមនុស្ស​ក្នុង​នាវាមុជទឹក Titan ដែល​កំពុង​បាត់​ខ្លួន ត្រូវបាន​គេ​ជឿថា រួមមាន មហាសេដ្ឋី​អង់គ្លេស Hamish Harding, អ្នកជំនាញ​បារាំង Paul-Henry Nargeolet, ស្ថាបនិក​របស់ OceanGate Expeditions លោក Stockton Rush, អ្នកជំនួញ​ប៉ា​គី​ស្ថាន Shahzada Dawood និង​កូនប្រុស Suleman។

ក្នុងចំណោម​មនុស្ស​ខាងលើ មហាសេដ្ឋី​អង់គ្លេស​ត្រូវបាន​គេ​ចាប់អារម្មណ៍​ជាងគេ។ លោក Hamish Harding អាយុ 58 ឆ្នាំ ដែលជា​អ្នកជំនួញ​ជនជាតិ​អង់គ្លេស រស់នៅក្នុង​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) គឺជា​ប្រធាន​របស់​​ក្រុម​ហ៊ុន​ Action Aviation ដែលជាទី​ភ្នាក់​ងារ​ឈ្មួញ​ជើង​សា​អន្តរជាតិ​ផ្នែក​​យន្តហោះ មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង​ឌូ​បៃ។

Advertisement