អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Copehagen របស់ប្រទេសដាណឺម៉ាក យល់ថា ទឹកមានវត្តមាននៅលើផែនដីនៅពេលភពនេះស្រូបទាញធូលី និងទឹកកកក្នុងដំណាក់កាលកកើតដំបូង។
ផែនដីទំនងជាអាចមានវត្តមានឆាប់ជាងឆ្ងាយបើធៀបនឹងទ្រឹស្ដីមុនៗ បន្ទាប់ពីកកើតឡើងក្នុងទម្រង់គ្រាប់ខ្សាច់ និងថ្មល្អិតៗ ដែលប្រមូលផ្ដុំគ្នាក្នុងរយៈពេលរាប់លានឆ្នាំ។ ទ្រឹស្ដីថ្មីនេះក៏ចង់និយាយថា មូលហេតុដែលទឹកមានវត្តមាននៅលើផែនដី គឺដោយសារផែនដីស្រូបទាញយកទឹកពីទីអវកាសនៅជុំវិញ មិនមែនដោយសារផ្កាយដុះកន្ទុយនាំទឹកកកមកកាន់ផែនដីឡើយ។
ការសន្និដ្ឋានខាងលើមានន័យសំខាន់ចំពោះការស្វែងរកភាវៈរស់នៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ ដោយជឿថា ចំនួនភពដែលមានទឹក និងអាចរស់នៅបាន ដែលស្ថិតនៅជុំវិញផ្កាយដទៃ អាចមានច្រើនជាងការគិតនាបច្ចុប្បន្ន។
ទ្រឹស្ដីថ្មីរបស់ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Copehagen អធិប្បាយថា កាលពីប្រហែល 4.5 ពាន់លានឆ្នាំមុន នៅពេលព្រះអាទិត្យនៅជាផ្កាយវ័យក្មេងដែលព័ទ្ធជុំវិញដោយថាសធូលី និងឧស្ម័ននៅឡើយ គ្រាប់វត្ថុធាតុ មានដូចជាធូលីល្អិតជាដើម ក៏ត្រូវបានភពដែលកំពុងកកើត ស្រូបទាញនៅពេលពួកវាមានទំហំកាន់តែធំ។ នៅក្នុងដំណាក់កាលនោះ ផែនដីមិនត្រឹមតែស្រូបទាញយកវត្ថុនានានៅក្នុងថាសធូលី និងឧស្ម័ននោះទេ តែស្រូបទាញយកទឹកផងដែរ ព្រោះថាសធូលី និងឧស្ម័ននៅជុំវិញព្រះអាទិត្យក៏មានផ្ទុកទឹកកក។
ទំព័រ Space ឱ្យដឹងថា ទ្រឹស្ដីថ្មីនេះព្យាករថា បើសិនភពមួយដែលវិលជុំវិញផ្កាយមេដូចទៅនឹងព្រះអាទិត្យ នៅក្នុងគម្លាតសមស្រប វានឹងមានទឹក។ នេះបើតាមសាស្ត្រាចារ្យ Martin Bizzarro សហការីមកពីវិទ្យាស្ថាន Globe៕