មហាសេដ្ឋីបច្ចេកវិទ្យា Jack Ma បង្ហាញខ្លួនក្នុងតួនាទីជាសាស្ត្រាចារ្យបរទេសរបស់សាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។
ការចែករំលែកចំណេះដឹងរបស់មហាសេដ្ឋីចិន Jack Ma បានចាប់ផ្ដើមពីថ្ងៃទី 12 មិថុនា 2023 ប៉ុន្តែ ទើបតែត្រូវបានប្រកាសក្រោយការបង្រៀនបានជិតមួយសប្ដាហ៍។ យោងតាម SCMP ស្ថាបនិកវ័យ 58 ឆ្នាំរបស់ Alibaba គឺជាវាគ្មិនមួយរូបដែលលេចធ្លោជាងគេនៅក្នុងសិក្ខាសាលាពិសេសស្ដីពី «នវានុវត្តន៍ និងសហគ្រិនភាព» ដែលត្រូវបានរៀបចំឡើងនៅឯសាកលវិទ្យាល័យតូក្យូ។
នេះក៏ជាសិក្ខាសាលាដំបូងដែលលោក Ma ចូលរួមក្នុងនាមជាសាស្ត្រាចារ្យបរទេស នៅក្នុងស្ថាប័នអប់រំដែលមានអាយុ 146 ឆ្នាំនៅប្រទេសជប៉ុន។ អ្នកដែលបានចូលរួមក្នុងសិក្ខាសាលាខាងលើរួមមាន និស្សិតមកពីតំបន់នានារបស់ប្រទេសជប៉ុន ចិន ឥណ្ឌា និងម៉ាឡេស៊ី។
ពិធីចែករំលែកចំណេះដឹង និងបទពិសោធន៍នេះ ផ្ដោតទៅលើទស្សនៈនៃការគ្រប់គ្រង និងរបៀបដែលយុវវ័យជំនាន់ថ្មីអាចសម្រេចបាននៅពេលអនាគត។ យោងតាមគេហទំព័ររបស់សាកលវិទ្យាល័យតូក្យូ នេះគឺជាប្រធានបទដែលយោងទៅលើ «បទពិសោធន៍សម្បូរបែប ចំណេះដឹងនាំមុខគេទាក់ទងនឹងស្មារតីជំនួញ និងភាពច្នៃប្រឌិត» របស់លោក Jack Ma។
ប៉ុន្មានថ្ងៃក្រោយពីចូលរួមសិក្ខាសាលានៅប្រទេសជប៉ុន លោក Ma ក៏បានបន្តបង្ហាញវត្តមាននៅប្រទេសចិនក្នុងកម្មវិធីមួយដែលរៀបចំដោយក្រុមហ៊ុន Alibaba។ នៅទីនេះ លោក Ma ស្លៀកពាក់យ៉ាងសាមញ្ញ។
លោក Jack Ma ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស មុនពេលបង្កើតក្រុមហ៊ុន Alibaba។ គិតមកដល់ពេលនេះ លោក Ma កំពុងធ្វើជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យយ៉ាងតិចបួនដែលស្ថិតនៅខាងក្រៅចិនដីគោក ក្នុងនោះក៏មានសាកលវិទ្យាល័យហុងកុង សាកលវិទ្យាល័យនៅអាហ្វ្រិក និងសាកលវិទ្យាល័យនៅប្រទេសអ៊ីស្រាអែលផងដែរ។
ក្នុងព្រឹត្តិការណ៍មួយកាលពីថ្ងៃទី 15 មិថុនា លោក Michael Evans ដែលជាប្រធានក្រុមហ៊ុន Alibaba បានថ្លែងថា លោក Jack Ma នៅតែជាភាគហ៊ុនិកធំជាងគេរបស់ក្រុមហ៊ុន Alibaba។
ការបង្ហាញវត្តមានរបស់លោក Jack Ma នេះ គឺចំពេលដែលទីក្រុងប៉េកាំងកំពុងរកវិធីស្ដារសេដ្ឋកិច្ចជាតិ និងទំនុកចិត្តរបស់អ្នកវិនិយោគ ក្រោយពីបានរឹតបន្តឹងវិស័យបច្ចេកវិទ្យាអស់ជាច្រើនឆ្នាំ៕