ភាវៈរស់ក្រៅភពផែនដីមិនមែននៅឆ្ងាយឡើយ តែអាចស្ថិតនៅលើភពរណបរបស់ផែនដី នោះគឺព្រះចន្ទរបស់មនុស្ស។
ប៉ូលខាងត្បូងរបស់ព្រះចន្ទក្លាយជាចំណុចដ៏ទាក់ទាញសម្រាប់បណ្ដាប្រទេសមហាអំណាចអវកាស ពិសេសនៅពេលទីភ្នាក់ងារអវកាសអាម៉េរិក (ណាសា) រៀបគម្រោងនាំមនុស្សឡើងទៅជាន់ដីព្រះចន្ទតាមរយៈបេសកកម្ម Artemis។
ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រមួយរូបរបស់ណាសា បានចែករំលែកព័ត៌មានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺ នៅលើឋានព្រះចន្ទអាចមានភាវៈរស់ បើទោះមានលក្ខខណ្ឌមិនអំណោយផលសម្រាប់ជីវិត។
យោងតាម Business Insider អ្នកវិទ្យាសាស្ត្រ Prabal Saxena របស់អង្គការណាសា ឱ្យដឹងថា ជីវិតរបស់សត្វល្អិតអាចមានវត្តមាននៅក្នុងបរិស្ថានអាក្រក់ដូចនៅលើព្រះចន្ទ។ លោក Prabal បន្ថែមថា រណ្ដៅនានានៅលើផ្ទៃព្រះចន្ទទំនងជាបានផ្ដល់ជាជម្រកល្អសម្រាប់សត្វល្អិតទាំងនោះ ពិសេសគឺនៅប៉ូលខាងត្បូងដែលពន្លឺព្រះអាទិត្យមិនអាចទៅដល់។
លោក Prabal និងសហការីយល់ថា សត្វល្អិតទាំងនេះមានប្រភពមកពីទីអវកាស ពិសេសគឺផែនដីតែម្ដង។ សត្វល្អិតទាំងនេះ បើសិនជាមាន ពួកវាប្រហែលជាបានទៅកាន់ឋានព្រះចន្ទតាមរយៈយានអវកាស ក្នុងនោះមានយានចុះចតដូចជា Apollo របស់សហរដ្ឋអាម៉េរិក កាលពីឆ្នាំ 1969 ជាដើម។ ប្រសិនបើពេលនេះពុំមានសត្វល្អិត នៅថ្ងៃខាងមុខ ព្រះចន្ទក៏នៅតែមានវត្តមានរបស់ភាវៈរស់ ព្រោះថា អនាគត មនុស្សនឹងបង្កើនវត្តមានរបស់ខ្លួននៅទីនោះ៕