ផ្កាយ​តឿពណ៌ស (White dwarf) មួយ​ដួង កំពុង​ក្លាយ​ជា​ «ដុំ​ពេជ្រ​» អវកាសខ្នាត​យក្ស

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​រកឃើញ​កូន​ផ្កាយ​ពណ៌​ស​មួយ​ដួង​ដែល​មាន​ផ្ទុក​សមាសធាតុ​ចម្បង​ជា​កាបូន និង​អុកស៊ីសែន កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​កក​ជា​ដុំ​ត្បូង​​ និង​មាន​ចម្ងាយ​ពី​ផែនដី​ត្រឹម​តែ​ 104 ឆ្នាំ​ពន្លឺ​ប៉ុណ្ណោះ​ (​មួយ​ឆ្នាំ​ពន្លឺ​ស្មើ​នឹង 9.46 ទ្រីលាន​គីឡូម៉ែត្រ។

សីតុណ្ហភាព​ និង​ម៉ាស​របស់​ផ្កាយ​នេះ​បង្ហាញថា វា​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រែក្លាយ​ជា​ត្បូង​ពេជ្រ​អវកាស​ដ៏​រឹង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទំព័រ Science Alert កាល​ពី​ថ្ងៃ​ទី 11 មិថុនា 2023​។

វត្ថុធាតុ​នៅ​លើ​ផ្កាយ​តឿ​ពណ៌​ស​នេះ​ បាន និង​កំពុង​​រង​សម្ពាធ​ខ្ពស់​ខ្លាំង ប៉ុន្តែ​មិន​បែក​ធ្លាយ​ ហើយ​កំពុង​ទាញ​​ចូល​ទៅ​ក្នុង​ស្នូល​​របស់វា​។ យោង​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​ ផ្កាយ​នេះ​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅនៅ​ពេល​បាត់​បង់​កម្ដៅទាំង​ស្រុង ហើយ​ក្លាយ​ជា​ដុំ​កាបូន​​រឹង​កក​​ចូល​គ្នា​ នៅ​ក្នុង​រយៈ​ពេល​ 1.000 ទ្រីលាន​ (1000 000 000 000​ 000) ឆ្នាំ​ទៀត​។

ការ​សិក្សា​ស្រាវជ្រាវ​ខាង​លើ​ដែល​​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុម​តារាវិទូ​នៅ​សាកល​វិទ្យាល័យ​ Queensland ខាង​ត្បូង​របស់​ប្រទេស​អូស្ត្រាលី​ បង្ហាញ​ថា ផ្កាយ​នេះ​ទទួល​រង​ឥទ្ធិពល​ពី​ប្រព័ន្ធ​ផ្កាយ​បី​ដែល​មាន​ឈ្មោះ​ថា HD 190412។ HD 190412 ក្រោយ​មក​ក៏​ត្រូវ​បាន​ប្ដូរ​ឈ្មោះទៅ​ជា​ 190412 C ហើយ​ក្លាយ​ជា​ប្រព័ន្ធ​ផ្កាយ​បួន​៕

Advertisement