កុមារបួននាក់មានអាយុចាប់ពីជិតមួយឆ្នាំដល់ 13 ឆ្នាំ ដែលវង្វេងផ្លូវក្នុងព្រៃអាម៉ាហ្សូន បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះកាលពីថ្ងៃទី 01 ឧសភា ត្រូវបានសមត្ថកិច្ចកូឡុំប៊ីរកឃើញ និងសង្គ្រោះទាន់ពេល។
«ប្រទេសទាំងមូលសប្បាយរីករាយ! កុមារបួននាក់ដែលបាត់ខ្លួនក្នុងព្រៃជ្រៅនៅកូឡុំប៊ី នៅមានជីវិត» ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro នៅថ្ងៃទី 10 មិថុនា បានសរសេរលើបណ្ដាញសង្គមដូច្នេះ។
ក្រុមកុមារនេះត្រូវបានទាហានកូឡុំប៊ីរកឃើញនៅក្បែរព្រំប្រទល់រវាងខេត្ត Caqueta និង Guaviare របស់ប្រទេសកូឡុំប៊ី ដែលនៅមិនឆ្ងាយប៉ុន្មានធៀបនឹងកន្លែងយន្តហោះដឹកគ្រួសាររបស់ពួកគេបានជួបគ្រោះថ្នាក់កាលពីថ្ងៃទី 01 ឧសភា។
ក្រុមសង្គ្រោះរបស់កូឡុំប៊ី ធ្វើការយ៉ាង «ដុតដៃដុតជើង» នៅក្នុងការតាមស្វែងរកក្រុមកុមារបាត់ខ្លួននេះ។ បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា Wilson ដែលជាសុនកជំនាញ បានបាត់ខ្លួនក្នុងពេលតាមស្វែងរក ក៏ត្រូវបានរកឃើញនៅជាមួយកុមារទាំងនេះផងដែរ។
ពេលបានរកឃើញ កុមារទាំងនេះមានអាការៈបាត់បង់ជាតិទឹក នៅលើខ្លួនមានស្នាមសត្វល្អិតខាំ និងបាក់កម្លាំង។ កងទ័ពកូឡុំប៊ី បានបញ្ជូនឧទ្ធម្ភាគចក្រទៅកាន់កន្លែងកើតហេតុដើម្បីនាំកុមារទាំងនេះទៅកាន់មន្ទីរពេទ្យ។
កាលពីថ្ងៃទី 01 ឧសភា 2023 យន្តហោះខ្នាតតូច Cessna 206 ដឹកមនុស្ស 7 នាក់ពី Araracuara ទៅកាន់ San Jose del Guaviare ដែលជាទីក្រុងស្ថិតក្នុងព្រៃជ្រៅអាម៉ាហ្សូនរបស់ប្រទេសកូឡុំប៊ី។ អ្នកដំណើរលើយន្តហោះរួមមាន មេដឹកនាំជនជាតិដើម Huitoto និងស្ត្រីជនជាតិដើមម្នាក់ឈ្មោះ Magdalena Mucutui Valencia រួមនឹងកូនបួននាក់។
ក្រោយពីយន្តហោះហោះឡើងបានប៉ុន្មាននាទី ពីឡុតក៏ផ្ដល់សញ្ញាគ្រោះថ្នាក់ទាក់ទងនឹងម៉ាស៊ីន។ ក្រោយមកទៀត យន្តហោះនេះក៏បានបាត់ខ្លួនពីរ៉ាដា។
ក្នុងថ្ងៃទី 15 និង 16 ឧសភា ក្រុមទាហានកូឡុំប៊ី បានរកឃើញសាកសពរបស់អ្នកបើកបរយន្តហោះ និងមនុស្សចាស់ពីរនាក់នៅតំបន់ Caqueta។ កុមារបួននាក់នៅលើយន្តហោះជួបគ្រោះថ្នាក់នេះក៏បានបាត់ខ្លួន។ បន្ទាប់មក សុនកជំនាញ និងកងកម្លាំងសង្គ្រោះក៏បានរកឃើញដបទឹកដោះគោសម្រាប់ទារក ស្បែកជើង ខោអាវ និងផ្លែឈើដែលក្មេងទាំងនេះបានខាំ នៅមិនឆ្ងាយប៉ុន្មានពីកន្លែងធ្លាក់យន្តហោះ។
មកដល់ថ្ងៃទី 17 ឧសភា កម្លាំងសង្គ្រោះបានរកឃើញជម្រកមួយដែលធ្វើពីមែកឈើ។ សុនកជំនាញក៏បានរកឃើញកន្ត្រៃ និងខ្សែចងសក់។ Fidencia Valencia ដែលជាជីតារបស់កុមារទាំងបួននាក់នេះធ្លាប់បានប្រាប់ថា ក្មេងទាំងនេះរស់នៅស៊ាំនឹងព្រៃជ្រៅ ហើយប្រហែលជាកំពុងគេចខ្លួនដោយសារការភ័យខ្លាច។ ក្មេងស្រីច្បងក្នុងចំណោមកុមារបួននាក់នេះ ចេះដឹងច្រើនទាក់ទងនឹងការរក្សាជីវិតនៅក្នុងព្រៃជ្រៅ៕