ទាយានរាប់រយនាក់របស់សម្ព័ន្ធមិត្តយោធាណាតូ (NATO) ត្រូវបានបញ្ជូនទៅជួយពង្រឹងការរក្សាសន្តិសុខរបស់សម្ព័ន្ធមិត្តនេះនៅកូសូវ៉ូ (Kosovo) ក្រោយពីមានហេតុការណ៍ប៉ះទង្គិចគ្នានៅភាគខាងជើងនៃតំបន់ផ្ដាច់ខ្លួន។
«កងកម្លាំងបន្ថែមរបស់ណាតូ ចាប់ផ្ដើមធ្វើដំណើរទៅកាន់កូសូវ៉ូ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាកាលពីសប្ដាហ៍កន្លងដែលបានធ្វើឱ្យទាហានណាតូប្រហែល 30 នាក់រងរបួស។ ទាហានប្រហែល 500 នាក់មកពីទ័ពជើងគោករបស់តួកគី ដើរតួនាទីសំខាន់ជាងគេនៅក្នុងកងកម្លាំងជំនួយបន្ថែម» អ្នកនាំពាក្យរបស់ណាតូ Oana Lungescu កាលពីថ្ងៃទី 05 មិថុនា បានប្រកាសដូច្នេះ។
មុននោះ កាលពីថ្ងៃទី 30 ឧសភា អគ្គលេខាធិការនៃអង្គការណាតូ លោក Jens Stoltenberg បានឱ្យដឹងថា សម្ព័ន្ធយោធានេះនឹងបញ្ជូនទាហាន 700 នាក់បន្ថែមទៀតទៅកាន់កូសូវ៉ូ ដើម្បីពង្រឹងកម្លាំងដែលមានចំនួន 4,000 នាក់នៅតំបន់ផ្ដាច់ខ្លួនកូសូវ៉ូ។ លោក Jens Stoltenberg ប្រកាសថា ណាតូបានត្រៀមខ្លួនរួចហើយសម្រាប់ការផ្ដល់កម្លាំងជំនួយបន្ថែម។
ការប៉ះទង្គិចគ្នារវាងបាតុករដើមកំណើតស៊ែប៊ី ជាមួយប៉ូលិសកូសូវ៉ូ និងកងកម្លាំងរបស់ណាតូ បានកើតឡើងនៅខាងមុខសាលាស្រុក Zvecan នៃតំបន់កូសូវ៉ូ កាលពីថ្ងៃទី 29 ឧសភា។ កងទ័ពណាតូ ដំបូងឡើយបានព្យាយាមបំបែកក្រុមបាតុករចេញពីកម្លាំងប៉ូលិស ហើយក្រោយមកប្រើប្រាស់ខែល និងដំបងឆក់ដើម្បីរំសាយបាតុកម្ម។
បាតុករមួយចំនួនបានគប់ដុំឥដ្ឋ គ្រាប់បែកសាំងសំដៅទៅកាន់ទាហានណាតូ ប៉ុន្តែ មិនយូរប៉ុន្មាន ក្រុមបាតុករក៏ត្រូវបានរុញច្រានចេញឆ្ងាយពីខាងមុខសាលាស្រុក។ ការប៉ះទង្កិចគ្នានេះបានបណ្ដាលឱ្យទាហានណាតូជាង 30 នាក់ និងបាតុករជាង 50 នាក់ ត្រូវរងរបួស។
ក្រោយហេតុការណ៍កាលពីថ្ងៃទី 29 ឧសភាក្នុងតំបន់ Zvecan បាតុករដើមកំណើតស៊ែប៊ីរាប់រយនាក់ ក៏បន្តប្រមូលផ្ដុំគ្នានៅខាងមុខសាលាក្រុង ជាទីដែលមានការរឹតបន្តឹងសន្តិសុខកម្រិតខ្ពស់។
ប្រជាជនដើមកំណើតស៊ែប៊ី នៅកូសូវ៉ូ នាំគ្នាតវ៉ា មិនទទួលស្គាល់ការបោះឆ្នោតក្នុងតំបន់កាលពីខែមេសានៅភាគខាងជើងនៃតំបន់ផ្ដាច់ខ្លួន ជាទីដែលបានអនុញ្ញាតឱ្យក្រុមមន្ត្រីដើមកំណើតអាល់បានី គ្រប់គ្រងក្រុមប្រឹក្សាក្នុងតំបន់ បើទោះអត្រានៃអ្នកទៅបោះឆ្នោតមានមិនដល់ 3.5%។
កូសូវ៉ូដែលមានផ្ទៃដីទំហំប្រហែល 10,800 គីឡូម៉ែត្រការ៉េ គឺជាតំបន់ផ្ដាច់ខ្លួននៅភាគនិរតីរបស់ប្រទេសស៊ែប៊ី។ កូសូវ៉ូប្រកាសឯករាជ្យកាលពីឆ្នាំ 2008 ប៉ុន្តែ ស៊ែប៊ីមិនទទួលស្គាល់ និងបានប្រកាសថា កូសូវ៉ូជាកម្មសិទ្ធិរបស់ខ្លួន។ កូសូវ៉ូមានប្រជាជន 1.8 លាននាក់ ក្នុងនោះភាគច្រើនគឺជាជនជាតិអាល់បានី។
ជនជាតិស៊ែប៊ីប្រហែល 123,000 នាក់ដែលរស់នៅក្នុងភាគខាងជើងតំបន់កូសូវ៉ូ មិនទទួលស្គាល់អាជ្ញាធរនៅ Pristina។ ពួកគេស្មោះស្ម័គ្រក្នុងផ្នែកនយោបាយជាមួយនឹងស៊ែប៊ី ដែលជាអ្នកផ្គត់ផ្គង់ផ្នែកហិរញ្ញវត្ថុដល់សហគមន៍នេះ។ ចំណែកប្រទេសលោកខាងលិចវិញ ភាគច្រើនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ប៉ុន្តែតំបន់ផ្ដាច់ខ្លួននេះមិនទាន់ទទួលបានកៅអីនៅអង្គការសហប្រជាជាតិ ដោយសារតែមានការជំទាស់ពីរុស្ស៊ី និងចិន៕