សមត្ថកិច្ចអូស្ត្រាលី ប្រកាសថានឹងផ្ដល់ប្រាក់រង្វាន់មួយលានដុល្លារអាម៉េរិក ដល់អ្នកទាំងឡាយណាដែលផ្ដល់ព័ត៌មាននាំទៅរកការចាប់ខ្លួន ផ្ដន្ទាទោសជនល្មើសនៅក្នុងករណីកុមារាដែលបានបាត់ខ្លួនកាលពីជិត 50 ឆ្នាំមុន។
កុមារារងគ្រោះឈ្មោះ James Patrick Taylor ហៅក្រៅថា Jimmy បានបាត់ខ្លួនកាលពីថ្ងៃទី 29 សីហា 1974 ក្រោយពីដើរពីផ្ទះនៅក្នុងទីរួមស្រុក Derby តំបន់ Kimberley ក្នុងរដ្ឋអូស្ត្រាលីខាងលិច ទៅកាន់ហាង Lwoys ដែលមានចម្ងាយជិតមួយគីឡូម៉ែត្រ។ នេះបើតាម CBS News ចុះផ្សាយកាលពីថ្ងៃទី 31 ឧសភា 2023។
Taylor កាលណោះមានអាយុ 12 ឆ្នាំ ជាក្មេងរួសរាយ មានចរិតម្ចាស់ការ និងតែងតែយកក្រាសសិតសក់តាមខ្លួន។ Taylor រស់នៅជាមួយឪពុកម្ដាយ បងប្អូនប្រាំនាក់ និងសាច់ញាតិមួយចំនួន។ កុមារនេះធ្លាប់ដើរទៅទិញគ្រឿងទេសឱ្យម្ដាយតែម្នាក់ឯងជាញឹកញាប់ ហើយហាង Lwoys គឺជាកន្លែងដែល Tayor ចូលចិត្ត។
លើកចុងក្រោយដែលសាក្សីបានឃើញ Taylor គឺនៅពេលកុមារនេះឡើងរថយន្តនៅខាងក្រៅហាង Lwoys បន្ទាប់ពីបានចូលទិញភេសជ្ជៈ។ សាក្សីបានឱ្យដឹងថា អ្នកបើកបរដែលមានវ័យប្រហែលពី 25 ទៅ 35 ឆ្នាំ បង្ខំឱ្យ Jimmy ចូលរថយន្ត។ Taylor ពេលនោះដើរជើងទទេ និងពាក់អាវយឺតដៃខ្លីពណ៌ប្រផេះ ស្លៀកខោកីឡាខ្លីពណ៌ខ្មៅ។
គ្រួសាររបស់ Taylor ស្មានថា កុមារនេះទៅលេងផ្ទះមិត្តភក្ដិនៅឯកសិដ្ឋាន Myroodah ដែលមានចម្ងាយពី Derby ប្រហែល 90 នាទីពេលជិះរថយន្ត។ មកដល់ថ្ងៃទី 05 កញ្ញា ឆ្នាំ 1974 ឪពុករបស់ Taylor ក៏បានរាយការណ៍ប្រាប់ប៉ូលិសថា Taylor បាត់ខ្លួន។
ក្រោយមក Taylor ក៏មិនបានទាក់ទងមកកាន់គ្រួសារ ឬមិត្តភក្ដិឡើយ។ សមត្ថកិច្ចក៏មិនអាចកំណត់បានអត្តសញ្ញាណជនសង្ស័យដែលទាក់ទិននឹងករណីបាត់ខ្លួននេះ។
មកដល់បច្ចុប្បន្ន ក្រោយរយៈពេលជិតកន្លះសតវត្សរ៍ ប៉ូលិសក៏បានអំពាវនាវឱ្យសាធារណជនផ្ដល់ព័ត៌មាន ឬទាក់ទងមកកាន់សមត្ថកិច្ច បើសិនបានដឹងដំណឹងទាក់ទិននឹងករណីនេះ។
ករណីរបស់ Taylor គឺជាមួយក្នុងចំណោម 64 រឿងក្ដីបាត់ខ្លួន និងឃាតកម្ម ដែលមិនទាន់បានបិទបញ្ចប់នៅអូស្ត្រាលីខាងលិច។ ក្នុងនោះមានករណីជាច្រើនបានកើតឡើងតាំងពីអំឡុងទសវត្សរ៍ឆ្នាំ 1970។ ជនរងគ្រោះនៅក្នុងករណីជាច្រើនមិនត្រូវបានគេរកឃើញ។
ថ្មីៗនេះ សមត្ថកិច្ចអូស្ត្រាលីបានប្រកាសថា នឹងប្រគល់ប្រាក់រង្វាន់មួយលានដុល្លារអាម៉េរិកដល់អ្នកទាំងឡាយណាដែលផ្ដល់ព័ត៌មាននាំទៅរកការចាប់ខ្លួន និងកាត់ទោសជនដៃដល់នៅក្នុងរឿងក្ដីទាំងឡាយដែលបាននិយាយខាងលើ៕