ក្រុមតារាវិទូបានរកឃើញចំហាយទឹកដ៏សម្បើមជះចេញពី Enceladus ដែលជាព្រះចន្ទមួយរបស់ភពសៅរ៍ ដែលនេះកំពុងតែផ្ដល់ក្ដីសង្ឃឹមដល់គំនិតដែលយល់ថា មានភាវៈរស់នៅខាងក្រៅផែនដី។
ទំព័រ Guardian កាលពីថ្ងៃទី 30 ឧសភា បានចុះផ្សាយថា ចំហាយឧស្ម័នប្រវែងប្រហែល 9,600 គីឡូម៉ែត្រ ដែលប្រហាក់ប្រហែលនឹងចម្ងាយពីជប៉ុនទៅអៀឡង់ កំពុងជះទឹកទៅក្នុងទីអវកាសក្នុងល្បឿនប្រមាណ 300 លីត្រ/វិនាទី។ តាំងពីយូរមកហើយ អ្នកវិទ្យាសាស្ត្រជឿថា ព្រះចន្ទ Enceladus ដែលមានទំហំប្រហែល 500 គីឡូម៉ែទ្រ មានលាក់មហាសមុទ្រទឹកប្រៃខាងក្រោមសម្បកដ៏ត្រជាក់ ហើយទំនងជាជះចំហាយទឹកទៅក្នុងបរិយាកាស។ ក៏ប៉ុន្តែ នេះគឺជាលើកដំបូងដែលអ្នកវិទ្យាសាស្ត្របានមើលឃើញករណីបាញ់ជះចំហាយទឹកដ៏ធំសម្បើមបែបនេះ។
«យើងពិតជាភ្ញាក់ផ្អើលនឹងទំហំ និងប្រវែងរបស់ចំហាយនេះ» អ្នកវិទ្យាសាស្ត្រ Geronimo Villanueva មកពីអង្គការណាសា និងជាសមាជិកក្រុមស្រាវជ្រាវខាងលើ ថ្លែងដូច្នេះ។ លទ្ធផលនៃការស្រាវជ្រាវនេះត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Astronomy។
ក្រុមខាងលើបានសង្កេតមើល Enceladus ដែលជាព្រះចន្ទធំជាងគេលំដាប់ទី 6 របស់ភពសៅរ៍ ដោយតេឡេស្កុបអវកាស James Webb កាលពីខែវិច្ឆិកា 2022។ ឧបករណ៍គណនារបស់តេឡេស្កុបនេះបង្ហាញថា ចំហាយនេះធ្វើឱ្យ Enceladus បាត់បង់ទឹក 300 គីឡូក្រាមរៀងរាល់មួយវិនាទី ដែលអាចបំពេញអាងទឹកខ្នាតអូឡាំពិកមួយ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។
ការសង្កេតមុននោះបង្ហាញថា ចំហាយទឹកដែលមានផ្ទុកភាគល្អិតរបស់ព្រឹល និងសារធាតុគីមីសរីរាង្គ បានជះចេញដូចទៅនឹងទឹកដែលបាញ់ចេញពីផ្ទៃផែនដី នៅលើព្រះចន្ទ Enceladus។ ដោយសារតែវិលជុំវិញភពសៅរ៍លឿនពេក ពោលគឺសម្រេចបានមួយជុំដោយប្រើពេលតែជាងមួយថ្ងៃ ចំហាយទឹកក៏ច្រាលចូលក្នុងគន្លងតារាវិថីរបស់ព្រះចន្ទ Enceladus និងបង្កើតបានជារង្វង់មូលមួយដ៏ធំ។ យោងតាមទិន្នន័យពីតេឡេស្កុប បរិមាណទឹកប្រហែល 30% ដែលបានរសាត់ផុតពី Enceladus ត្រូវបានរក្សាទុកក្នុងរង្វង់មូលខាងលើ ខណៈដែល 70% ទៀតបានភាយទៅក្នុងអវកាសជុំវិញភពសៅរ៍។
កាលពីឆ្នាំ 2017 ក្រុមអ្នកវិទ្យាសាស្ត្រមកពីណាសា បានឱ្យដឹងថា ព្រះចន្ទ Enceladus មានសារធាតុស្ទើរគ្រប់យ៉ាងដែលត្រូវការចាំបាច់សម្រាប់ភាវៈមានជីវិតដែលមនុស្សធ្លាប់បានដឹង ក្នុងនោះរួមមាន ទឹក ថាមពល និងកត្តាគីមីសាស្ត្រជាដើម។
ក្នុងអនាគត បណ្ដាបេសកកម្មស្រាវជ្រាវព្រះចន្ទ Enceladus នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រដឹងច្បាស់អំពីកម្រាស់របស់សម្បកទឹកកកខាងក្រៅ និងជម្រៅរបស់មហាសមុទ្រក្រោមដីរបស់ព្រះចន្ទមួយនេះ៕