ពេជ្រមិនទាន់ច្នៃមានទំហំធំជាងគេបង្អស់លើពិភពលោក ដែលមានឈ្មោះថា Cullinan ត្រូវបានរកឃើញនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងឆ្នាំ 1905។
យោងតាមទំពី IFL Science ត្បូង Cullinan គឺជាពេជ្រមិនទាន់ច្នៃមួយដុំដែលមានទម្ងន់ 3,106 ការ៉ាត និងមានទំហំ 10.1 x 6.35 x 5.9 សង់ទីម៉ែត្រ។ ទម្ងន់នេះស្មើនឹង 621 ក្រាម និងធំប៉ុនបាល់បោះមួយគ្រាប់ ឬសត្វឃ្មុំ 7,692 ក្បាល។
កាលពីឆ្នាំ 1905 Frederick Wells អ្នកគ្រប់គ្រងអណ្ដូងរ៉ែ Premier នៅ Pretoria ប្រទេសអាហ្វ្រិកខាងត្បូង បានឃើញពន្លឺចាំងចេញពីវត្ថុអ្វីមួយនៅជាប់នឹងជញ្ជាំងផ្នែកខាងលើ នៅពេលស្ថិតក្នុងដីជម្រៅ 5.5 ម៉ែត្រ។ Wells យកបានត្បូងពេជ្រនេះ ហើយប្រគល់ជូនលោក Thomas Cullinan ដែលជាម្ចាស់អណ្ដូងរ៉ែ នៅក្នុងថ្ងៃដដែល។ ប៉ុន្តែ រហូតដល់ឆ្នាំ 1907 ទើបត្បូងនេះមានអ្នកទិញ។ អាជ្ញាធរខេត្ត Transvaal បានទិញត្បូងពេជ្រនេះដើម្បីធ្វើជាតង្វាយសម្រាប់ថ្វាយស្ដេច Edward ទី 7 របស់ចក្រភពអង់គ្លេស។ ដោយសារតែបារម្ភអំពីសុវត្ថិភាពតាមផ្លូវដឹកជញ្ជូនពីទ្វីបអាហ្វ្រិកទៅកាន់ទីក្រុងឡុងដ៍របស់អង់គ្លេស ស្ដេច Edward បានដាក់ត្បូងពេជ្រក្លែងក្លាយនៅលើកប៉ាល់ ដោយមានអ្នកយាមការពារច្រើននាក់ ក្នុងបំណងបង្វែរចំណាប់អារម្មណ៍ ខណៈដែលពេជ្រ Cullinan ពិតប្រាកដត្រូវបានផ្ញើទៅកាន់អង់គ្លេសដោយដាក់ក្នុងប្រអប់សាមញ្ញ។
ដោយសារតែ Cullinan មានទំហំធំពេក ស្ដេច Edward ក៏ប្រគល់ការងារកែច្នៃទៅឱ្យ Joseph Asscher ដែលជាប្រធានក្រុមហ៊ុន Asscher Diamond នៅ Amsterdam ។ Asscher និងក្រុមការងារបានចំណាយពេលពិនិត្យ និងកាត់ជាដុំអស់រយៈពេល 14 ខែ ក្នុងនោះពួកគេត្រូវធ្វើការជាងដប់ម៉ោង/ថ្ងៃ ហើយពេលខ្លះ Asscher ក៏ត្រូវដួលសន្លប់ព្រោះតែអស់កម្លាំង និងព្រួយបារម្ភ។ ចុងក្រោយ ពេជ្រ Cullinan ក៏ត្រូវបានកាត់ជា 9 ដុំធំៗ និងត្រូវបានដាក់ឈ្មោះពី Cullinan I ដល់ Cullinan IX និងដុំតូចៗជិត 100 ដែលមានតម្លៃរាប់លានដុល្លារអាម៉េរិក។
ត្បូងពេជ្រមួយគ្រាប់ធំជាងគេក្នុងចំណោមនោះ ដែលត្រូវបានដាក់ឈ្មោះឱ្យថា Cullinan I ឬហៅថា តារាទ្វីបអាហ្វ្រិក មានទម្ងន់ 530.2 ការ៉ាត។ ពេជ្រធំៗទាំង 9 គ្រាប់នេះសុទ្ធតែជាកម្មសិទ្ធិរបស់រាជវង្សអង់គ្លេស ហើយភាគច្រើនត្រូវបានប្រើប្រាស់ដើម្បីតុបតែងមកុដ និងគ្រឿងអលង្ការនានា។
គ្រាប់ពេជ្រដែលធំជាងគេលំដាប់ទីពីរលើពិភពលោកបន្ទាប់ពី Cullinan គឺ Excelsior។ Excelsior ត្រូវបានរកឃើញដោយកម្មករនៅអណ្ដូងរ៉ែ Jagersfontein ក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ 1893។ អណ្ដូងរ៉ែ Jagersfontein ជាកន្លែងដែលបានរកឃើញដុំពេជ្រចំនួនពីរក្នុងចំណោយដុំពេជ្រទាំងដប់ដែលមានទំហំធំជាងគេលើពិភពលោក៕