កូរ៉េខាងជើងបានបញ្ជាក់ថា រ៉ុក្កែតដឹកផ្កាយរណបយោធាបានធ្លាក់ចូលសមុទ្រ ដោយសារតែមានបញ្ហាក្នុងពេលបាញ់បង្ហោះនៅព្រឹកនេះ។
«រ៉ុក្កែតរុញច្រាន Cheollima-1 ដែលនាំយកផ្កាយរណបឈ្លបយកការណ៍ផ្នែកយោធា បានធ្លាក់ចូលតំបន់សមុទ្រភាគខាងលិច ព្រោះតែបាត់បង់ថាមពល ដោយសារមានបញ្ហាក្នុងការបញ្ឆេះម៉ាស៊ីននៅកំណាត់ទីពីរ» ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) ថ្ងៃទី 31 ឧសភានេះ បានរាយការណ៍ដូច្នេះ។
មុននោះ អគ្គសេនាធិការចម្រុះនៃសាធារណរដ្ឋកូរ៉េ (JSC) ឱ្យដឹងថា នៅវេលាម៉ោង 06:29 (ម៉ោងប្រហែល 4 កន្លះនៅកម្ពុជា) កូរ៉េខាងជើងបានបាញ់បង្ហោះរ៉ុក្កែតពីតំបន់ Tongchang-ri នៅឆ្នេរសមុទ្រភាគខាងលិចប្រទេស ឆ្ពោះទៅទិសខាងត្បូង។
រ៉ុក្កែតកូរ៉េខាងជើង ហោះលើលំហសមុទ្ររបស់កោះ Baengnyeong នៅភាគខាងលិចប្រទេសកូរ៉េខាងត្បូង និងមិនប៉ះពាល់ដល់រដ្ឋធានីសេអ៊ូល។ យោងតាម JSC ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូង ក៏បានប្រកាសបើកកិច្ចប្រជុំបន្ទាន់ផងដែរ។
កងទ័ពកូរ៉េខាងត្បូងក៏បានដឹងថា រ៉ុក្កែតនេះបានបាត់ខ្លួនពីរ៉ាដាមុនពេលហោះទៅដល់គោលដៅដែលបានគ្រោងទុក និងបានសន្និដ្ឋានថា វាបានផ្ទុះលើអាកាស ឬធ្លាក់ចូលសមុទ្រ។
សារ៉ែនប្រកាសអាសន្នបានបន្លឺឡើងនៅរដ្ឋធានីសេអ៊ូល នៅម៉ោងប្រហែល 6 កន្លះ គ្រាដែលអាជ្ញាធរស្នើឱ្យប្រជាជនត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ការជម្លៀស។ ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ក្រោយមកបានឱ្យដឹងថា ការប្រកាសអាសន្នពីអាជ្ញាធរសេអ៊ូល គឺ «មិនត្រឹមត្រូវ»។ ចំណែកការជូនដំណឹងអំពីការជម្លៀសនៅតំបន់ក្បែរព្រំដែនភាគខាងលិចរបស់កូរ៉េខាងត្បូង ក៏ត្រូវបានដកចេញនៅវេលាម៉ោងប្រហែល 8 ព្រឹក។
នៅប្រទេសជប៉ុនវិញ អាជ្ញាធរក៏បានចេញសេចក្ដីជូនដំណឹងទាក់ទងនឹងបញ្ហាខាងលើតាមរយៈប្រព័ន្ធ J-Alert។ ប៉ុន្តែក្រោយមក ប្រព័ន្ធនេះក៏បានប្រាប់ថា រ៉ុក្កែតនឹងមិនហោះរំលងទឹកដីជប៉ុន ហើយក៏បានដកចោលសេចក្ដីជូនដំណឹងនេះ។
ជប៉ុន មុននោះបានឱ្យដឹងថា កូរ៉េខាងជើងបានជូនដំណឹងមកតូក្យូអំពីគម្រោងបាញ់បង្ហោះផ្កាយរណបចាប់ពីថ្ងៃទី 31 ឧសភា ដល់ 11 មិថុនា។ ជប៉ុនក៏បានប្រកាសថា នឹងបាញ់ទម្លាក់រាល់រ៉ុក្កែតរបស់កូរ៉េខាងជើង បើសិនវាត្រូវបានបញ្ជាក់ថានឹងធ្លាក់ចូលទឹកដីប្រទេសនេះ។
សហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងជប៉ុន សុទ្ធតែយល់ថា ការបាញ់បង្ហោះផ្កាយរណបរបស់កូរ៉េខាងជើងគឺគ្រាន់តែជា «សម្បក» ដើម្បីសាកល្បងមីស៊ីល ដោយសារតែពួកវាប្រើប្រាស់បច្ចេកវិទ្យាដូចគ្នា។ កូរ៉េខាងជើងធ្លាប់បានបាញ់បង្ហោះរ៉ុក្កែតរុញច្រានដែលមានផ្ទុកផ្កាយរណបកាលពីឆ្នាំ 2012 និង 2016 ហើយរ៉ុក្កែតទាំងនេះសុទ្ធតែបានហោះរំលងខេត្ត Okinawa នៅភាគខាងត្បូងរបស់ប្រទេសជប៉ុន៕