រដ្ឋធានី​របស់​រុស្ស៊ី​រង​ការវាយប្រហារ​ធ្ងន់ធ្ងរ​​លើកដំបូង ក្រោយ​សង្គ្រាមលោកលើកទី​ពីរ

ទិដ្ឋភាព​អគារ​នៅ​មូស្គូ​រង​ការ​វាយ​ប្រហារ​ (រូបឆ្វេងដៃ) និង​យន្តហោះ​គ្មាន​មនុស្ស​បើក​បរ

យន្តហោះ​គ្មាន​មនុស្ស​បើកបរ (UAV) ហោះ​ទៅបុក​អគារ​មួយ​ខ្នង​នៅ​រដ្ឋធានី​មូ​ស្គូរបស់​ប្រទេស​រុស្ស៊ី បង្ក​ការខូចខាត​ស្រាល និង​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស។

មន្ត្រី​នៅ​មូ​ស្គូ ថ្ងៃនេះ​បានឱ្យដឹងថា UAV មួយគ្រឿង​បាន​វាយប្រហារ​ជាន់​លើ​របស់​អគារ​មួយ​នៅ​ភាគ​អាគ្នេយ៍​របស់​រដ្ឋធានី។ UAV មួយគ្រឿង​ផ្សេងទៀត​ក៏​ហោះ​ទៅបុក​អគារ 24 ជាន់មួយ​​នៅ​តំបន់​ដដែល។ មនុស្ស​នៅក្នុង​អគារ​ទាំងពីរ​ដែល​ស្ថិតក្នុង​ក្រុង Profsoyuznaya ភាគ​អាគ្នេយ៍​របស់​មូ​ស្គូ​ ត្រូវបាន​ជម្លៀស។

អភិបាលក្រុង​មូ​ស្គូ Sergey Sobyanin ឱ្យដឹងថា អគារ​មួយចំនួន​រង​ការខូចខាត​ស្រាល និង​មនុស្ស​ពីរ​នាក់​រងរបួស ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ។

ក្រសួងការពារជាតិ​រុស្ស៊ី ក្រោយមក​បាន​ចោទថា អ៊ុយ​ក្រែ​ន​គឺជា​អ្នក​នៅ​ពីក្រោយ​ករណី​វាយប្រហារ​នេះ បើ​ទោះ​មិនបាន​បង្ហាញ​ភស្ដុតាង។ ក្រសួង​នេះ​បញ្ជាក់ថា UAV ចំនួន 8 គ្រឿង​បាន​ចូលរួម​ការវាយប្រហារ ហើយ​ស្ទើរ​តែ​ទាំង​អស់​​​ត្រូវបាន​រុស្ស៊ី​បាញ់​ទម្លាក់។

តំណាងរាស្ត្រ​រុស្ស៊ី Maxim Ivanov និយាយថា នេះ​គឺជា «ការវាយប្រហារ​ធ្ងន់​ធ្ងន់​បំផុត​មកលើ​មូ​ស្គូ រាប់​ចាប់តាំងពី​ការវាយប្រហារ​របស់​ហ្វា​ស៊ី​ស​អាល្លឺម៉ង់​ក្នុង​សង្គ្រាមលោកលើកទីពីរ»។

មួយរយៈ​ពេល​ចុង​ក្រោយនេះ ទឹកដី​របស់​រុស្ស៊ី កើតមាន​ការវាយប្រហា​រ​មួយចំនួន ហើយ​រុស្ស៊ី​តែងតែ​ទម្លាក់កំហុស​លើ​អ៊ុយ​ក្រែ​ន។ ចំណែក​ទីក្រុង​កៀវ​វិញ ក៏​មិន​ទទួលស្គាល់​ការវាយប្រហារ​ណាមួយ​នៅ​ខាងក្នុង​ទឹកដី​របស់​រុស្ស៊ី៕

Advertisement