យន្តហោះគ្មានមនុស្សបើកបរ (UAV) ហោះទៅបុកអគារមួយខ្នងនៅរដ្ឋធានីមូស្គូរបស់ប្រទេសរុស្ស៊ី បង្កការខូចខាតស្រាល និងធ្វើឱ្យមនុស្សពីរនាក់រងរបួស។
មន្ត្រីនៅមូស្គូ ថ្ងៃនេះបានឱ្យដឹងថា UAV មួយគ្រឿងបានវាយប្រហារជាន់លើរបស់អគារមួយនៅភាគអាគ្នេយ៍របស់រដ្ឋធានី។ UAV មួយគ្រឿងផ្សេងទៀតក៏ហោះទៅបុកអគារ 24 ជាន់មួយនៅតំបន់ដដែល។ មនុស្សនៅក្នុងអគារទាំងពីរដែលស្ថិតក្នុងក្រុង Profsoyuznaya ភាគអាគ្នេយ៍របស់មូស្គូ ត្រូវបានជម្លៀស។
អភិបាលក្រុងមូស្គូ Sergey Sobyanin ឱ្យដឹងថា អគារមួយចំនួនរងការខូចខាតស្រាល និងមនុស្សពីរនាក់រងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរ។
ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកបានចោទថា អ៊ុយក្រែនគឺជាអ្នកនៅពីក្រោយករណីវាយប្រហារនេះ បើទោះមិនបានបង្ហាញភស្ដុតាង។ ក្រសួងនេះបញ្ជាក់ថា UAV ចំនួន 8 គ្រឿងបានចូលរួមការវាយប្រហារ ហើយស្ទើរតែទាំងអស់ត្រូវបានរុស្ស៊ីបាញ់ទម្លាក់។
តំណាងរាស្ត្ររុស្ស៊ី Maxim Ivanov និយាយថា នេះគឺជា «ការវាយប្រហារធ្ងន់ធ្ងន់បំផុតមកលើមូស្គូ រាប់ចាប់តាំងពីការវាយប្រហាររបស់ហ្វាស៊ីសអាល្លឺម៉ង់ក្នុងសង្គ្រាមលោកលើកទីពីរ»។
មួយរយៈពេលចុងក្រោយនេះ ទឹកដីរបស់រុស្ស៊ី កើតមានការវាយប្រហារមួយចំនួន ហើយរុស្ស៊ីតែងតែទម្លាក់កំហុសលើអ៊ុយក្រែន។ ចំណែកទីក្រុងកៀវវិញ ក៏មិនទទួលស្គាល់ការវាយប្រហារណាមួយនៅខាងក្នុងទឹកដីរបស់រុស្ស៊ី៕