កប៉ាល់ដឹកទំនិញដោតទង់ជាតិហុងកុងជាប់គាំងនៅលើព្រែកជីក Suez ធ្វើឱ្យស្ទះដំណើររបស់កប៉ាល់ដទៃដែលនៅពីក្រោយជាច្រើនគ្រឿង។
«កប៉ាល់ Xin Hai Tong 23 ជាប់គាំងលើព្រែកជីក Suez នៅតំបន់គីឡូលេខ 159 វេលាម៉ោង 4 (ម៉ោង 8 នៅកម្ពុជា) ថ្ងៃទី 25 ឧសភា» ក្រុមហ៊ុនដឹកជញ្ជូនតាមសមុទ្រ Leth Agencies ប្រកាសលើ Twitter ដូច្នេះ។ កប៉ាល់អូសកំពុងតែប្រឹងប្រែងជួយដល់ Xin Hai Tong 23 ដែលមានបណ្ដោយ 189 ម៉ែត្រ។
កប៉ាល់ខាងលើជាប់គាំងនៅផ្នែកខាងត្បូង ក្បែរច្រាំងខាងកើតរបស់ព្រែកជីក Suez។ យ៉ាងហោចណាស់មានកប៉ាល់ចំនួនបួនគ្រឿងផ្សេងទៀតត្រូវកប៉ាល់ Xin Hai Tong 23 រាំងផ្លូវ។ នេះបើតាម Marine Traffic ដែលជាគេហទំព័រជំនាញពីទិន្នន័យផ្លូវសមុទ្រ។
គិតត្រឹមវេលាថ្ងៃត្រង់នេះ ភាគីអ្នកគ្រប់គ្រងព្រែកជីក Suez មិនទាន់មានការអធិប្បាយអ្វីនៅឡើយ។
ព្រែកជីក Suez ប្រវែង 190 គីឡូម៉ែត្រ គឺជាផ្លូវដឹកជញ្ជូនប្រើពេលខ្លីបំផុតរវាងទ្វីបអឺរ៉ុប និងអាស៊ី។ ព្រែកនេះតភ្ជាប់រវាងទីក្រុងចំនួនពីររបស់អេហ្សីប គឺ Suez នៅជាប់សមុទ្រក្រហម និង Port Said នៅមេឌីទែរ៉ាណេ។ កន្លែងចង្អៀតបំផុតរបស់ព្រែកជីកទទឹង 200 ម៉ែត្រ គឺជាទីដែលតែងបង្កផលលំបាកដល់ការធ្វើដំណើររបស់កប៉ាល់ដឹកទំនិញធំៗ។
កាលពីខែមីនា 2021 កប៉ាល់ដឹកកុងតឺន័រខ្នាតយក្ស Ever Given ដែលដោតទង់ជាតិប៉ាណាម៉ា ក៏ធ្លាប់បានជាប់គាំងនៅលើព្រែក Suez ធ្វើឱ្យកកស្ទះចរាចរណ៍អស់ 6 ថ្ងៃ និងបង្កឱ្យមានការខាតបង់គិតជាទឹកប្រាក់ប្រហែល 9 ពាន់លានដុល្លារអាម៉េរិកក្នុងមួយថ្ងៃៗ ចំពោះពាណិជ្ជកម្មសកល និងធ្វើឱ្យមានបញ្ហាដល់ខ្សែច្រវាក់ផ្គត់ផ្គង់ទំនិញផងដែរ៕