បន្ទប់​ពិសោធន៍​ភព​អង្គារ​/ព្រះ​ចន្ទ​ ជម្រៅ​ជាង​មួយ​គីឡូម៉ែត្រ​ក្រោម​ដី​

(អង់គ្លេស) – ផ្លូវ​រូងជ្រៅ​​ក្រោម​ដី​​នៅ​តំបន់ Yorkshire ខាង​ជើង ផ្ដល់​ឱកាស​ដ៏​ពិសេស​ដើម្បី​ស្រាវជ្រាវ​អំពី​របៀប​ដែល​មនុស្ស​អាច​រស់​នៅ និង​ធ្វើ​សកម្មភាព​នៅ​លើ​ឋាន​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារ​។

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យា​ល័យ​ Birmingham អនុវត្ត​កម្រោង​ Bio-SPHERE នៅ​ក្នុង​មូលដ្ឋាន​ស្រាវ​ជ្រាវ​ជម្រៅ​ 1.1 គីឡូម៉ែត្រ​​ ដែល​ស្ថិត​ក្នុង​រូង​ក្រោម​ដី​ជ្រៅ​បំផុត​មួយ​នៅ​ប្រទេស​អង់គ្លេស​។ នេះ​បើ​តាម Phys.org ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 23 ឧសភា​ 2023​។

គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​បំណង​ស្វែង​យល់​អំពី​វិទ្យាសាស្ត្រ​ និង​វេជ្ជសាស្ត្រ​ដែល​អាច​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​របៀប​ណា​នៅ​ក្នុង​បរិស្ថាន​ពោរពេញ​ដោយ​ការ​លំបាក​នៅ​លើ​ឋាន​ព្រះ​ចន្ទ និង​ភព​អង្គារ​។ នេះ​គឺ​ជា​មូលដ្ឋាន​ដំបូង​ក្នុង​ចំណោម​មូលដ្ឋាន​ពិសោធន៍​​ថ្មី​ដែល​ស្រាវ​ជ្រាវ​រក​វិធី​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ និង​រស់​នៅ​ដោយ​​មាន​សុខភាព​ល្អ​ក្នុង​បេសក​កម្ម​អវកាស​យូរ​អង្វែង​របស់​មនុស្ស​​ នៅ​លើ​ភព​ដទៃ​។

ក្រុម​ស្រាវជ្រាវ​ខាងលើ​បាន​សហការ​ជាមួយ​បន្ទប់​ពិសោធន៍​​ក្រោម​ដី Boulby របស់​ក្រុម​ប្រឹក្សា​មូលដ្ឋានវិទ្យាសាស្ត្រ​ និង​បច្ចេក​វិទ្យា​ ដោយ​មាន​ការ​ជួយ​គាំទ្រ​របស់​ក្រុម​ហ៊ុន​រុក​រក​រ៉ែ Boulby, ICL-UK​។

គម្រោង​ Bio-SPHERE ប្រើ​ប្រាស់​​​បណ្ដាញ​ផ្លូវ​រូង​ក្រោម​ដី​ទំហំ 3,000 ម៉ែត្រ​ការ៉េ នៅ​ក្បែរ​បន្ទប់​ពិសោធន៍​ Boulby ឆ្លង​កាត់​សិលាកម្ទេចកំណ​ក្រោម​ដី​អាយុ​កាល​ 205 លាន​ឆ្នាំ​៕

Advertisement