(អង់គ្លេស) – ផ្លូវរូងជ្រៅក្រោមដីនៅតំបន់ Yorkshire ខាងជើង ផ្ដល់ឱកាសដ៏ពិសេសដើម្បីស្រាវជ្រាវអំពីរបៀបដែលមនុស្សអាចរស់នៅ និងធ្វើសកម្មភាពនៅលើឋានព្រះចន្ទ និងភពព្រះអង្គារ។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Birmingham អនុវត្តកម្រោង Bio-SPHERE នៅក្នុងមូលដ្ឋានស្រាវជ្រាវជម្រៅ 1.1 គីឡូម៉ែត្រ ដែលស្ថិតក្នុងរូងក្រោមដីជ្រៅបំផុតមួយនៅប្រទេសអង់គ្លេស។ នេះបើតាម Phys.org ចុះផ្សាយកាលពីថ្ងៃទី 23 ឧសភា 2023។
គម្រោងនេះត្រូវបានធ្វើឡើងក្នុងបំណងស្វែងយល់អំពីវិទ្យាសាស្ត្រ និងវេជ្ជសាស្ត្រដែលអាចនឹងប្រព្រឹត្តទៅដោយរបៀបណានៅក្នុងបរិស្ថានពោរពេញដោយការលំបាកនៅលើឋានព្រះចន្ទ និងភពអង្គារ។ នេះគឺជាមូលដ្ឋានដំបូងក្នុងចំណោមមូលដ្ឋានពិសោធន៍ថ្មីដែលស្រាវជ្រាវរកវិធីជួយឱ្យមនុស្សធ្វើការ និងរស់នៅដោយមានសុខភាពល្អក្នុងបេសកកម្មអវកាសយូរអង្វែងរបស់មនុស្ស នៅលើភពដទៃ។
ក្រុមស្រាវជ្រាវខាងលើបានសហការជាមួយបន្ទប់ពិសោធន៍ក្រោមដី Boulby របស់ក្រុមប្រឹក្សាមូលដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយមានការជួយគាំទ្ររបស់ក្រុមហ៊ុនរុករករ៉ែ Boulby, ICL-UK។
គម្រោង Bio-SPHERE ប្រើប្រាស់បណ្ដាញផ្លូវរូងក្រោមដីទំហំ 3,000 ម៉ែត្រការ៉េ នៅក្បែរបន្ទប់ពិសោធន៍ Boulby ឆ្លងកាត់សិលាកម្ទេចកំណក្រោមដីអាយុកាល 205 លានឆ្នាំ៕