រកឃើញ​បណ្ដាញ​ «ផ្លូវ​ល្បឿន​លឿន» និង​ទីក្រុង​​រាប់​រយ​ អាយុកាល​រាប់​ពាន់​​ឆ្នាំ លាក់ខ្លួន​ក្នុងព្រៃ​ជ្រៅ

ប្រាសាទបុរាណ La Danta នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ក្វាតេម៉ាឡា​បច្ចុប្បន្ន

(ក្វា​តេ​ម៉ា​ឡា)- ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក-ក្វា​តេ​ម៉ា​ឡា បាន​រកឃើញ​បណ្ដាញ «ផ្លូវ​ល្បឿន​លឿន» ដំបូង​គេ​លើ​ពិភពលោក ដែល​ត​ភ្ជាប់​ទីក្រុង​បុរាណ​រាប់រយ​របស់​ជនជាតិ​ម៉ា​យ៉ា (Maya)។

យោងតាម Business Insider ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី 22 ឧសភា បណ្ដាញ «ផ្លូវ​ល្បឿន​លឿន» បុរាណ​នេះ​មាន​ប្រវែង​ប្រហែល 177 គីឡូម៉ែត្រ ត​ភ្ជាប់​ទីក្រុង​ចំនួន 417។ ការរកឃើញ​បណ្ដាញ​ផ្លូវ និង​ទីក្រុង ក៏​ដូច​ជា​ប្រព័ន្ធធារាសាស្ត្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម បង្ហាញថា សហគមន៍​ជនជាតិ​ដែល​រស់នៅ​តំបន់​អាម៉េរិក​កណ្ដាល មាន​ភាព​​រីកចម្រើន​ជាង​អ្វីដែល​អ្នកវិទ្យាសាស្ត្រ​ធ្លាប់​បានគិត។ លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​ត្រូវបាន​ចុះផ្សាយ​លើ​ទស្សនាវដ្ដី​របស់​សាកលវិទ្យាល័យ Cambridge។

សំណល់​បុរាណ​ដែល​ស្ថិតនៅលើ​ទីតាំង​បុរាណ el Mirador ក្នុង​តំបន់​ព្រៃ​មួយ​នៃ​ប្រទេស​ក្វា​តេ​ម៉ា​ឡា មាន​វត្តមាន​តាំងពី 1,000 ឆ្នាំមុន​គ្រិស្តសករាជ រហូតដល់​សម័យ​បុរេប្រវត្តិ​របស់​ជនជាតិ​ម៉ា​យ៉ា។ តំបន់​ព្រៃ​នេះ​អាច​ទៅដល់​ដោយ​ការធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ ឬ​ដើរ​ដោយ​ថ្មើរជើង 64 គីឡូម៉ែត្រ។

ក្រុម​អ្នកស្រាវជ្រាវ​អាម៉េរិក-ក្វា​តេ​ម៉ា​ឡា បាន​គូរ​ផែនទី​តំបន់​ខាងលើ​ចាប់​តាំងពី​ឆ្នាំ 2015 ដោយ​ប្រើប្រាស់​ឧបករណ៍​បច្ចេកវិទ្យា​ស្កេ​ន​កាំរស្មីឡាស៊ែរ ដែល​ហៅ​ថា ​លីដា (lidar)។ បច្ចេក​វិទ្យា​នេះ​​អាច​​ឱ្យ​គេ​រកឃើញ​វត្ថុ​បុរាណ​តូច​បំផុត។ លីដា​​អនុញ្ញាតឱ្យ​អ្នក​ស្រាវ​ជ្រាវ​​មើលឃើញ​ប្រឡាយ ព្រែក បឹង បណ្ដាញ​ផ្លូវ ឬ បណ្ដាញ​ប្រាសាទបុរាណ។ល។

Advertisement