ក្នុងអំឡុងពេលថ្មីៗនេះ រូបភាពមិនពិត ដែលត្រូវបានគេជឿថា បង្កើតឡើងដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) បង្ហាញពីផ្សែងខ្មៅបាញ់ឡើងពីចំហៀងខាងឆ្វេងរបស់មន្ទីរបញ្ចកោណ ត្រូវបានអ្នកលេងបណ្ដាញសង្គមចែករំលែកពេញអ៊ីនធើណិត។
រូបភាពនេះបានលេចឡើងនៅលើ Facebook កាលពីថ្ងៃទី 22 ឧសភា 2023 អមនឹងការបញ្ជាក់ «ករណីផ្ទុះធំនៅក្បែរតំបន់ចម្រុះមន្ទីរបញ្ចកោណ នៅវ៉ាស៊ីងតោន DC»។ ក្រោយមក រូបភាពនេះក៏ត្រូវបានគេចែករំលែកនៅលើបណ្ដាទំព័របណ្ដាញសង្គម Twitter ដែលមានអ្នកតាមដានរាប់លាននាក់ និងត្រូវបានចែករំលែកបន្តបន្ទាប់។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Bloomberg។
CNN និង NBC News បានឱ្យដឹងថា ក្រោយពីរូបភាពក្លែងក្លាយបង្កឱ្យមានការមន្ទិលលើបណ្ដាញសង្គម ទីផ្សារមូលបត្រអាម៉េរិកក៏រងផលប៉ះពាល់ក្នុងរយៈពេលខ្លី។ សន្ទស្សន៍ Dow Jones ថយចុះ 80 ពិន្ទុក្នុងបួននាទី ប៉ុន្តែក្រោយមកក៏បានងើបឡើងវិញ ខណៈដែលសន្ទស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏ងើបឡើងវិញដូចដើម បន្ទាប់ពីរូបភាពនេះត្រូវបានបញ្ជាក់ថា «មិនពិត»។
រូបភាពក្លែងក្លាយខាងលើក៏ធ្វើឱ្យបុគ្គលិកនៅមន្ទីរបញ្ចកោណ (អគាររបស់ក្រសួងការពារជាតិអាម៉េរិក) ត្រូវមមាញឹកនឹងការឆ្លើយតបសំណួរផងដែរ នៅពេលមានការហៅទូរស័ព្ទមកសួរនាំជាច្រើនពីប្រជាជន។
អ្នកជំនាញវាយតម្លៃថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត គឺជាឧបករណ៍ដែលជួយសម្រួលដល់ការងារជាច្រើននាបច្ចុប្បន្ន។ ក៏ប៉ុន្តែ ពួកគេយល់ថា AI ក៏ផ្ដល់ផលប្រយោជន៍ដល់ជនទុច្ចរិតផងដែរ នៅពេលមិនទាន់មានការគ្រប់គ្រងឱ្យបានសមស្រប៕