កម្ដៅផ្ទៃផែនដីកំពុងស្ថិតក្នុងកំណើន 2.7 អង្សាសេ ធៀបនឹងដំណាក់កាលដំបូងនៃវិស័យឧស្សាហកម្ម នៅឆ្នាំ 2100 ដែលប្រការនេះនឹងរុញច្រានមនុស្សជាងពីរពាន់លាននាក់ (ប្រហែល 22% នៃប្រជាជនសរុបក្នុងពិភពលោក) ឱ្យចេញពីតំបន់អាកាសធាតុស្រួលរស់នៅ។
យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Sustainability ក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា បណ្ដាប្រទេសមានប្រជាជនច្រើនជាងគេដែលត្រូវប្រឈមនឹងកម្ដៅដ៏គ្រោះថ្នាក់ គឺ ឥណ្ឌា (600 លាននាក់), នីហ្សេរីយ៉ា (300 លាននាក់), ឥណ្ឌូណេស៊ី (100 លាននាក់), ហ្វ៊ីលីពីន និងប៉ាគីស្ថាន (80 លាននាក់ដូច្នេះ)។ នេះបើតាម AFP ចុះផ្សាយកាលពីថ្ងៃទី 22 ឧសភា 2023។
ការកាត់បន្ថយការកើនឡើងកម្ដៅទូទាំងពិភពលោកនៅក្នុងកម្រិត 1.5 អង្សាសេ ទៅតាមគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ 2015 នឹងជួយបន្ថយចំនួនមនុស្សដែលជួបគ្រោះថ្នាក់ដោយសារកម្ដៅព្រះអាទិត្យ ចុះមកនៅ 500 លាននាក់ ដែលស្មើនឹង 5% នៃចំនួនប្រជាជនសរុបប្រមាណ 9.5 ពាន់លាននាក់របស់ពិភពលោក នៅក្នុងរយៈពេលពី 6 ទៅ 7 ទសវត្សរ៍ខាងមុខ។
មកដល់បច្ចុប្បន្ន ការឡើងកម្ដៅក្រោម 1.2 អង្សាសេ ក៏បានបង្កើនកម្រិត ឬពេលវេលារបស់រដូវរលកកម្ដៅ គ្រោះរាំងស្ងួត និងករណីឆេះព្រៃ។ 8 ឆ្នាំកន្លង គឺជាពេលវេលាដែលផែនដីរងកម្ដៅខ្ពស់បំផុតដែលមនុស្សធ្លាប់បានកត់ត្រា។
កម្ដៅដែលបង្កគ្រោះថ្នាក់ទៅតាមការសិក្សាស្រាវជ្រាវថ្មីនេះ នោះគឺនៅពេលសីតុណ្ហភាពមធ្យមប្រចាំឆ្នាំ (MAT) ឡើងដល់ 29 អង្សាសេ។
យោងតាមធនាគារពិភពលោក ប្រទេសឥណ្ឌាបំភាយឧស្ម័ន CO2 (ឧស្ម័នដែលធ្វើឱ្យបរិយាកាសផែនដីឡើងកម្ដៅ) ជាមធ្យមប្រហែលពីរតោន/ម្នាក់/ឆ្នាំ, នីហ្សេរីយ៉ាបំភាយប្រហែលកន្លះតោន ខណៈដែលសហភាពអឺរ៉ុបជិត 7 តោន និងសហរដ្ឋអាម៉េរិក 15 តោន។
ក្រុមអ្នកស្រាវជ្រាវខាងលើក៏ព្រមានថា លទ្ធភាពដែលសីតុណ្ហភាពផ្ទៃផែនដីកើនបន្ថែមលើសពី 2.7 អង្សាសេ គឺអាចកើតឡើង។ បើសិនជាសកម្មភាពបំភាយឧស្ម័នផ្ទះកញ្ចក់អាចនាំឱ្យ «ធ្លុះធ្លាយ» ឃ្លាំងធម្មជាតិផ្ទុកកាបូន មានជាអាទិ៍ ស្រទាប់ Permafrost (ស្រទាប់ដីស្ថិតនៅត្រង់ ឬក្រោមតំបន់ទឹកកដែលកករយៈពេលចាប់ពីពីរឆ្នាំឡើងទៅ) ឬធ្វើឱ្យបរិយាកាសផែនដីក្ដៅជាងការរំពឹងទុក នោះសីតុណ្ហភាពពិភពលោកអាចកើនបន្ថែមជិត 4 អង្សាសេ បើធៀបនឹងកម្ដៅនៅពាក់កណ្ដាលសតវត្សរ៍ទី 19៕