កងកម្លាំងជួយសង្គ្រោះបានរកឃើញកុមារបួននាក់ដែលបានបាត់ខ្លួនអស់រយៈពេល 17 ថ្ងៃ ក្រោយពីជួបគ្រោះថ្នាក់ធ្លាក់យន្តហោះនៅក្នុងព្រៃអាម៉ាហ្សូន ដែលស្ថិតក្នុងប្រទេសកូឡុំប៊ី។
កាលពីថ្ងៃទី 01 ឧសភា យន្តហោះ Cessna 206 មួយគ្រឿង ដឹកមនុស្ស 7 នាក់ បានជួបគ្រោះថ្នាក់នៅពេលធ្វើដំណើរពី Araracuara ទៅកាន់ San Jose del Guaviare ជាទីក្រុងមួយស្ថិតក្នុងតំបន់ព្រៃអាម៉ាហ្សូននៅក្នុងប្រទេសកូឡុំប៊ី។ សាកសពមនុស្សបីនាក់ ក្នុងនោះក៏មានពីឡុត ត្រូវបានរកឃើញនៅកន្លែងកើតហេតុ។
ការស្រាវជ្រាវបានបង្ហាញថា កុមារបួននាក់ដែលមានអាយុ 4, 9, 13 ឆ្នាំ និងទារកអាយុ 11 ខែម្នាក់ ស្ថិតក្នុងសហគមន៍ជនជាតិដើម Huitolo នៅមានជីវិត នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខាងលើ និងបានចូលទៅក្នុងព្រៃដើម្បីស្វែងរកអាហារ និងជំនួយ។ អាជ្ញាធរក្នុងតំបន់ក៏បានបើក «យុទ្ធនាការនៃក្ដីសង្ឃឹម» ដោយបញ្ជូនកម្លាំងទាហានជាង 100 នាក់ និងឧទ្ធម្ភាគចក្របីគ្រឿង រួមនឹងសុនកពិសេស ចូលទៅព្រៃស្វែករកជនរងគ្រោះ។
«នៅក្នុងការប្រឹងប្រែងមិនឈប់ឈរ កងទ័ពបានរកឃើញក្មេងបួននាក់ដែលបានបាត់ខ្លួនក្រោយហេតុការណ៍ធ្លាក់យន្តហោះនៅ Guaviare» ប្រធានាធិបតីកូឡុំប៊ី Gustavo Petro ប្រកាសលើ Twitter កាលពីថ្ងៃទី17 ឧសភាដូច្នេះ ហើយថា ការរកឃើញនេះគឺជា «ភាពរីករាយសម្រាប់ប្រទេសជាតិ»។
តំបន់ដែលក្មេងទាំងបួននាក់បានវង្វេង មិនមានផ្លូវល្បឿនលឿន ហើយក៏ពិបាកទៅដល់តាមរយៈផ្លូវទឹក។ ដើមឈើធំៗ កម្ពស់រហូតដល់ 40 ម៉ែត្រ រួមនឹងសត្វព្រៃ និងភ្លៀងធំក៏ធ្វើឱ្យកម្លាំងសង្គ្រោះជួបការលំបាកខ្លាំង។
មួយក្នុងចំណោមឧទ្ធម្ភាគទាំងបីគ្រឿងបំពាក់ឧបករណ៍បំពងសំឡេង បានធ្វើការស្វែងរកក្នុងរង្វង់ 1,500 ម៉ែត្រ និងបានចាក់ផ្សាយសំឡេងជីដូនរបស់ក្មេងទាំងនោះ ដែលប្រាប់ថា «ឈប់ផ្លាស់ទីក្នុងព្រៃដើម្បីរង់ចាំការជួយសង្គ្រោះ»។
សកម្មភាពស្វែងរកត្រូវបានបន្ថែម បន្ទាប់ពីកម្លាំងសង្គ្រោះបានឃើញកូនខ្ទមមួយ ដែលគេជឿថា គឺជាខ្ទមរបស់ក្មេងទាំងនោះ។ មុននោះ កម្លាំងសង្គ្រោះបានរកឃើញដបទឹកដោះគោសម្រាប់ទារក និងផ្លែឈើសល់ពីការហូប។
ក្មេងរងគ្រោះទាំងបួននាក់នេះត្រូវបានរកឃើញក្នុង «ស្ថានភាពសុខភាពធម្មតា បើទោះមានរបួសស្នាមខ្លះ» ក្រោយពីរង្វេង 17 ថ្ងៃនៅក្នុងព្រៃ។
អាជ្ញាធរមិនទាន់ប្រកាសអំពីមូលហេតុនៃករណីធ្លាក់យន្តហោះនេះនៅឡើយ។ ប៉ុន្តែ ប៉ុន្មាននាទីមុនពេលជួបគ្រោះថ្នាក់ ពីឡុតបានបញ្ជូនសញ្ញាប្រាប់ថា ម៉ាស៊ីនយន្តហោះមានបញ្ហា។ ជនជាតិកូឡុំប៊ី នៅក្នុងតំបន់ខាងលើនេះ តែងតែធ្វើដំណើរតាមឧទ្ធម្ភាគចក្រ ដោយសារតែផ្លូវគោកមិនមានអំណោយផលល្អសម្រាប់ការធ្វើដំណើរ។
យោងតាមអង្គការជនជាតិដើមភាគតិចកូឡុំប៊ី (ONIC) ជីវភាពរបស់ជនជាតិ Huitoto បានសម្របខ្លួននឹងស្ថានភាពលំបាកនៅក្នុងព្រៃអាម៉ាហ្សូន និងថែរក្សាប្រពៃណីបរបាញ់សត្វ ក៏ដូចជាមានជំនាញក្នុងការបេះផ្លែឈើក្នុងព្រៃជាអាហារ៕