Skip to content

​ម៉ាស​នៃ​កាឡាក់ស៊ី​​របស់​មនុស្ស​ជាតិ​​ (Milky Way) ធ្ងន់​ស្មើ​នឹង​ព្រះអាទិត្យ​ជាង 800 ពាន់​លាន​ដួង

ទិន្នន័យ​បាន​ពី​ស្ថានីយ​សង្កេត​តារា GAIA បាន​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន​គណនា​ឃើញថា ម៉ាស​របស់​កាឡាក់ស៊ី​មី​ល​គី​វ៉េ​គឺ​ស្មើនឹង​ព្រះអាទិត្យ​ចំនួន 805 ពាន់​លាន​ដួង។

តួលេខ 805 ពាន់​លាន​ដួង​ស្ដាប់ទៅ​ដូច​ធំ​សម្បើម​ខ្លាំងណាស់ ប៉ុន្តែ​តាមពិត​វា​តូច​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ការ​គណនា​របស់​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​មួយក្រុម​កាលពី​ឆ្នាំ 2019។ ដោយសារតែ​ការវាស់ថ្លឹង​ម៉ាស​របស់​មី​ល​គី​វ៉េ​គឺជា​រឿង​មិនអាច​ទៅរួច​​សម្រាប់​បច្ចេក​វិទ្យា​នាបច្ចុប្បន្ន ដូច្នេះ​ក្រុម​អ្នកស្រាវជ្រាវ​មានតែ​គណនា​តាម​ការ​ប៉ាន់​​ប្រមាណ​ ហើយ​​ភាព​សុក្រឹតនៃ​ការ​គណនា​នេះ​​បាន​កើន​ឡើងជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​ស្ថានីយ​ជាតិ​សង្កេត​តារា​នៃ​បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន ត្រូវបាន​ប្រកាស​​លើ​ទស្សនាវដ្ដី Astrophysical Journal ។ នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ថ្ងៃទី 24 មេសា 2023។

ការស្រាវជ្រាវ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​ខាងលើ គឺ​យោងទៅតាម​ទិន្នន័យ​ធំ​ជាង​មុន ក្នុងនោះ​មាន​ផ្កាយ​ចំនួន 260,000 ដួង។ ទិន្នន័យ​ភាគច្រើន​បានមកពី​ស្ថានីយ​សង្កេត​តារា GAIA ដែល​បាន​បាញ់​បង្ហោះ​​ពី​ប្រទេស​បារាំង កាលពី​ឆ្នាំ 2013​។

រូប​ភាព​កាឡាក់ស៊ីមីលគីវ៉េ​ទាំង​មូល​ដែល​​ត្រូវ​បាន​បង្កើត​ឡើង​ដោយការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុម​​អ្នក​វិទ្យា​សាស្ត្រ​

យោងតាម​ទិន្នន័យ​នានា ក្រុម​អ្នកស្រាវជ្រាវ​បានធ្វើការ​សង្កេត​ទៅលើ​កាឡាក់ស៊ី​មី​ល​គី​វ៉េ និង​វាស់​រង្វង់​កោង​វិល​របស់​វា។ រង្វង់​កោង​​នេះ​បង្ហាញ​ពី​ល្បឿន​នៃ​គន្លង​គោចរ​របស់​វត្ថុ​អវកាស​មួយ​ធៀប​នឹង​គម្លាត​អង្កត់ផ្ចិត​ពី​ចំណុចកណ្ដាល​របស់​កាឡា​ក់​ស៊ី​មី​ល​គី​វ៉េ។ ក្នុង​អត្ថបទ​ចុះផ្សាយ​នោះ ពួកគេ​ឱ្យដឹងថា ការ​គណនា​ថ្មី​នេះ​អនុញ្ញាតឱ្យ​វាស់​វែង​បាន​សុក្រឹត​ជាង​មុន​ស្ដីពី​កម្រិត​នៃ​ភាព​កោង​របស់​មី​ល​គី​វ៉េ។ ក៏ប៉ុន្តែ ទិន្នន័យ​ដែលមាន​ផ្កាយ​តែ 260,000 ដួង​នេះ​នៅតែ​តូច ព្រោះថា មី​ល​គី​វ៉េ​ត្រូវបាន​គេ​ជឿថា មាន​ផ្ទុក​ផ្កាយ​យ៉ាងតិច 100 ពាន់​លាន​ដួង។

កាលពី​ឆ្នាំ 2019 ​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក​​មួយ​ក្រុម​បាន​គណនា​ឃើញថា កាឡាក់ស៊ី​មី​ល​គី​វ៉េ មាន​ម៉ាស​ស្មើនឹង​ព្រះអាទិត្យ 1.5 ពាន់​លាន​ដួង។

Leave a Reply

Your email address will not be published. Required fields are marked *