ភាគីជម្លោះទាំងពីរនៅប្រទេសស៊ូដង់ បានយល់ព្រមឈប់បាញ់រយៈពេល 72 ម៉ោង ដោយមូលហេតុមនុស្សធម៌ គ្រាដែលប្រទេសនានានាំគ្នាជម្លៀសពលរដ្ឋ។
កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ប្រកាសអនុវត្តបទបញ្ជាឈប់បាញ់ 72 ម៉ោង ដែលចាប់ផ្ដើមពីម៉ោង 00 ថ្ងៃទី 25 មេសា ដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិក និងអារ៉ាប៊ីសាអូឌីត បានដើរតួនាទីជាអ្នកសម្រុះសម្រួលក្នុងកិច្ចការនេះ។ កងកម្លាំងប៉ារ៉ា RSF នៅប្រទេសស៊ូដង់ ក៏បានបញ្ជាក់ថា បានយល់ព្រមផ្អាកការប្រយុទ្ធដើម្បីគាំទ្រដល់កិច្ចការមនុស្សធម៌។
រដ្ឋមន្ត្រីការបរទេសទេសអាម៉េរិក Antoni Blinken ឱ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់នេះសម្រេចបានក្រោយមានកិច្ចចរចារយៈពេលពីរថ្ងៃ ដោយសារតែភាគីក្នុងជម្លោះមិនបានគោរពតាមបទបញ្ជាឈប់បាញ់មុននោះ។
នៅមុនបទបញ្ជាឈប់បាញ់ថ្មីមានសុពលភាព ភាគីជម្លោះនៅតែវាយប្រហារគ្នាយ៉ាងខ្លាំងក្លា នៅ Omdurman ដែលជាទីក្រុងមួយនៅក្បែររដ្ឋធានីខាទុំ។
ស៊ូដង់ស្ថិតនៅក្នុងតំបន់ភាគឦសានទ្វីបអាហ្វ្រិក ជាប់នឹងប្រទេសអេហ្ស៊ីប មានប្រជាជនជិត 48 លាននាក់។ សង្គ្រាមបានផ្ទុះឡើងរវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF តាំងពីថ្ងៃទី 15 មេសា 2023 បន្ទាប់ពីមានភាពតានតឹងខ្លាំងព្រោះតែផែនការច្របាច់បញ្ចូល RSF ទៅក្នុងជួរកងទ័ពស៊ូដង់។ មន្ទីរពេទ្យ និងសេវាសំខាន់ៗរបស់ប្រទេសនេះបានផ្អាកសកម្មភាពព្រោះតែសង្គ្រាម។
«មនុស្សយ៉ាងតិច 430 នាក់បានស្លាប់ និងជាង 3,700 នាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នារវាងភាគីជម្លោះ ធ្វើឱ្យស្ថានភាពមនុស្សធម៌នៅប្រទេសនេះកាន់តែអាក្រក់ឡើង» នេះបើតាមអង្គការសុខភាពពិភពលោក (WHO)។ អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងថា ប្រជាជនស៊ូដង់ប្រហែលពីរម៉ឺននាក់បានរត់ចេញពីតំបន់សង្គ្រាម និងសុំសិទ្ធិជ្រកកោននៅប្រទេសជិតខាង ឆាដ៕