Skip to content

អាម៉េរិក​ផ្ដល់ជំនួយ​បន្ថែម​ជាង 300 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន

មន្ត្រី​អាម៉េរិក​បានប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​តម្លៃ 325 លាន​ដុល្លារ​ដល់​អ៊ុយ​ក្រែ​ន ក្នុងនោះ​ក៏មាន​គ្រាប់រំសេវ​ច្រើន​ប្រភេទ រួម​នឹង​មីន​ប្រឆាំង​រថក្រោះ​ផងដែរ។

«រុស្ស៊ី​អាច​បញ្ចប់សង្គ្រាមភ្លាមៗនៅថ្ងៃនេះ… អាម៉េរិក​រួម​នឹង​សម្ព័ន្ធមិត្ត និង​ដៃគូ​សហការ​នឹង​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន​នៅពេល​ចាំបាច់ រហូតដល់​រុស្ស៊ី​ធ្វើ​ដូច្នោះ» រដ្ឋមន្ត្រីការបរទេស​អាម៉េរិក Antony Blinken នា​ថ្ងៃទី 20 មេសា​នេះ​បានឱ្យដឹង​ដូច្នេះ​នៅពេល​ប្រកាស​អំពី​កញ្ចប់​ជំនួយ​ផ្នែក​យោធា​ថ្មី​ដល់​អ៊ុយ​ក្រែ​ន។

មន្ត្រី​អាម៉េរិក​និយាយថា កញ្ចប់​ជំនួយ​នេះ​មាន​ទាំង​គ្រាប់​រ៉ុក្កែត​របស់​ប្រព័ន្ធ​កាំជ្រួច​ហ្វូង HIMARS, មីន​ប្រឆាំង​រថក្រោះ និង​គ្រាប់កាំភ្លើង​ជាង 9 លាន​គ្រាប់​សម្រាប់​អាវុធ​ផ្ទាល់ខ្លួន។ ក្រៅពីនេះ អាម៉េរិក​ក៏​ផ្ដល់​មធ្យោបាយ​សម្រាប់​ដឹកជញ្ជូន និង​គាំទ្រ​ដល់​ការជួសជុល​ដើម្បី​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​ស្ដារ និង​ពង្រឹង​ខ្សែការពារ​ផងដែរ។

កញ្ចប់​ជំនួយ​យោធា​ថ្មី​ដែលមាន​តម្លៃ 325 លាន​ដុល្លារ​នេះ បាន​ធ្វើឱ្យ​ជំនួយ​យោធា​សរុប​ដែល​អាម៉េរិក​បានផ្ដល់​ឱ្យ​អ៊ុយ​ក្រែ​ន ​កើន​ឡើងដល់​ជាង 35.4 ពាន់​លាន​ដុល្លារ រាប់​ចាប់តាំង​ពី​រុស្ស៊ី​ចូល​ឈ្លានពាន​ទឹកដី​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃទី 24 កុម្ភៈ 2022 ដល់​បច្ចុប្បន្ន (ជិត 14 ខែ)។

ជំនួយ​ថ្មី​នេះ​ត្រូវបាន​ផ្ដល់ឱ្យ​ក្នុង​គ្រា​ដែល​អ៊ុយ​ក្រែ​ន​កំពុង​ត្រៀមខ្លួន​សម្រាប់​ការ​វាយបក​ដើម្បី​ដណ្ដើម​ទឹកដី​ដែល​រុស្ស៊ី​បាន​វាយ​យក​ទៅកាន់​កាប់។ ការ​វាយបក​នេះ​នឹង​ជួយ​ឱ្យ​អ៊ុយ​ក្រែ​ន​ទទួលបាន​ជោគជ័យ​មួយចំនួន ប៉ុន្តែ​មិនអាច​ដណ្ដើម​មកវិញ​បាន​ទាំង​ស្រុង​​នូវ​ទឹកដី​របស់​អ៊ុយ​ក្រែ​ន​ដែលកំពុង​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​​រុស្ស៊ី​។ នេះ​បើ​តាម​ការ​វាយ​តម្លៃ​របស់​ក្រុម​អ្នក​វិភាគ​៕

Leave a Reply

Your email address will not be published. Required fields are marked *