
គណៈកម្មការស៊ើបអង្កេតរុស្ស៊ីប្រកាសថា បានចាប់ខ្លួន Trepova ដែលជាប់សង្ស័យក្នុងករណីបង្កការផ្ទុះនៅហាងកាហ្វេក្នុងក្រុង St. Petersburg បណ្ដាលឱ្យ blogger យោធា Tatarsky បាត់បង់ជីវិត។
«បុគ្គលិករបស់គណៈកម្មការស៊ើបអង្កេតរុស្ស៊ី រួមនឹងស្ថាប័នពាក់ព័ន្ធបានសហការគ្នាចាប់ខ្លួន Daria Trepova ដោយសង្ស័យថានារីរូបនេះជាប់ពាក់ព័ន្ធនឹងករណីផ្ទុះគ្រាប់បែកក្នុងហាងកាហ្វេនៅទីក្រុង St. Petersburg» គណៈកម្មការស៊ើបអង្កេតរុស្ស៊ីបង្ហោះសារនៅលើ Telegram នាថ្ងៃនេះដូច្នេះ។
ប្រកាសរបស់ស្ថាប័នខាងលើត្រូវបានធ្វើឡើងបន្ទាប់ពីមានវីដេអូបង្ហាញថា Trepova អាយុ 26 ឆ្នាំ ជាពលរដ្ឋនៅ St. Petersburg ដើរចូលក្នុងហាងកាហ្វេ នាំយកប្រអប់តូចមួយដែលខាងក្នុងអាចមានរូបសំណាកបង្កៃគ្រាប់ផ្ទុះ។

ក្រសួងមហាផ្ទៃរុស្ស៊ីមុននោះបានដាក់ Trepova ទៅក្នុងបញ្ជីឈ្មោះតាមចាប់ខ្លួនព្រោះជាប់សង្ស័យក្នុងករណីផ្ទុះគ្រាប់បែក។ ប៉ន្មានម៉ោងក្រោយហេតុការណ៍ផ្ទុះ នារីជាប់សង្ស័យនេះក៏ត្រូវបានចាប់ខ្លួន។
ហេតុការណ៍ផ្ទុះកាលពីថ្ងៃទី 02 មេសា នៅហាងកាហ្វេមួយក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី បានសម្លាប់អ្នកសរសេរប្លក់ស្ដីពីយោធា Vladlen Tatarsky និងបណ្ដាលឱ្យមនុស្ស 32 នាក់រងរបួស។

TASS ដកស្រង់ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា គ្រឿងផ្ទុះនេះត្រូវបានលាក់ក្នុងរូបសំណាកមួយដែលធ្វើឡើងសម្រាប់ជូនដល់អ្នកសរសេរប្លក់ Tatarsky។ ចំណែក Ria Novosti រាយការណ៍ថា នារីម្នាក់បានជូន Tatarsky កញ្ចប់ទំនិញដែលមានរូបសំណាកនៅខាងក្នុង។
Tatarsky អាយុ 40 ឆ្នាំ មានឈ្មោះពិតថា Maxim Fomin មានអ្នកតាមដានជាង 500,000 នាក់នៅលើទំព័រ Telegram និងតែងរាយការណ៍ព័ត៌មានស្ដីពីយុទ្ធនាការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ Tatarsky តែងបង្ហោះវីដេអូវិភាគស្ថានការណ៍នៅសមរភូមិ និងផ្ដល់យោបល់ដល់ទាហានរុស្ស៊ី៕
